សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ ចេញសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជាលើករណីការចាប់ខ្លួន លោក គុយ វ៉ាត ដែលមិនមានគោរមងារជា «ឧកញ៉ា» ដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ។
សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ករណីនេះ សមាគមបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយព័ត៌មាន និងការចែករំលែកនៅលើបណ្តាញសង្គមមួយចំនួន ស្ដីពីការចាប់ខ្លួន លោក គុយ វ៉ាត ថៅកែហាង ផាក កាហ្វេ (Park Coffee) ពាក់ព័ន្ធបទល្មើសចេញសែកអត់ទឹកប្រាក់ និងបទឆបោកប្រាក់រាប់លានដុល្លារអាមេរិក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។
តាមរយៈចំណងជើងនៃសំណេរដែលបានផ្សព្វផ្សាយទាំងនោះ សមាគមឧកញ៉ាកម្ពុជា បានសង្កេតឃើញថា មានអង្គភាពសារព័ត៌មាន និងសាធារណជន មួយចំនួនបានសរសេរ និងហៅ លោក គុយ វ៉ាត ថាជា “ឧកញ៉ា” ដើម្បី ទាក់ទាញចំណាប់អារម្មណ៍ និងមានបំណងផ្សេង ដែលនាំឱ្យមានការបញ្ចេញមតិយោបល់ផ្សេងៗ ធ្វើឱ្យមានការភាន់ច្រឡំ និងយល់ខុសជាសាធារណៈ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូរ គុណតម្លៃនៃ គោរមវន្តឧកញ៉ាដទៃ។
សមាគមឧកញ៉ាកម្ពុជា បញ្ជាក់ថា លោក គុយ វ៉ាត មិនមែនមានគោរមងារជា “ឧកញ៉ា” ដូចការផ្សព្វផ្សាយនៅតាមបណ្តាញសារព័ត៌មានមួយចំនួននោះឡើយ។
ក្នុងនាមជាស្ថាប័នតំណាងឱ្យគោរមវន្តឧកញ៉ាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា សមាគមឧកញ៉ាកម្ពុជា ស្វាគមន៍ចំពោះការផ្សព្វផ្សាយ និងសូមគោរពសិទ្ធិក្នុងការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋទាំងអស់ ប៉ុន្ដែគួរតែ ស្ថិតក្នុងក្រមសីលធម៌ វីជ្ជាជីវៈ ឈរលើសុចរិតភាព និងស្មារតីទទួលខុសត្រូវ៕