ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ជាខួបមួយឆ្នាំនៃការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា។ នាវាកម្ពុជា បានចេញដំណើរដោយភាពក្លៀវក្លា ជាមួយនឹងកាពីទែនវ័យក្មេងពេញដោយសមត្ថភាព នោះគឺសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។
អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ បានកត់សម្គាល់ពីរបៀបដឹកនាំរបស់អ្នកជំនាន់ថ្មី និងបានលើកសរសើរថា ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ ហើយរាជរដ្ឋាភិបាលជំនាន់ថ្មីក៏មិនមែនជា ស្រីកញ្ជើធ្លុះនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកយកចំណុចគន្លឹះចំនួន៤ មកកត់សំគាល់គឺ៖ ១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។ ២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។ ៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។ និង៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។
បើតាមមសម្តេចតេជោ, តាមបទពិសោធន៍របស់សម្តេច សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។ សម្តេចបានបន្តថា៖ “ខ្ញុំនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីកញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបំរើឲ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឲ្យថយចុះ”។
សម្តេចតេជោបានបន្ថែមថា សម្តេចបានដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃដែលសម្តេចធ្វើជាប្រធានព្រឹទ្ធសភានៅប្រមាណ៥០ភាគរយ ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។ សម្តេចតេជោបានបន្ថែមទៀតថា៖ “ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ”៕
អត្ថបទ៖ អក្ខរា