សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលអាណត្តិទី៧ ពោលគឺរាជរដ្ឋាភិបាលជំនាន់ថ្មី ដឹកនាំដោយសម្តេចធបតី ហ៊ុន ម៉ាណែត ថាមានភាពស្វាហាប់ និងការទទួលខុសត្រូវ ។
ក្នុងបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ពោលគឺចំថ្ងៃគម្រប់មួយឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ។ ឯទ្រឹស្តី ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ ហាក់លេងស្របជាមួយ សភាពការបច្ចុប្បន្នហើយដែលអាចកែទៅជា ក្មេងមានកម្លាំង និងស្គាល់ផ្លូវឯចាស់មានបទពិសោធន៍។
ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។
ជំនាន់ថ្មី បានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ ហើយចំណុចគន្លឹះដែលកត់សំគាល់នោះ គឺ៖
១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។
២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។
៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។
៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។
បទពិសោធន៍របស់សម្តេច សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីជញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបំរើឲ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឲ្យថយចុះ។
សម្តេចតេជោ បានបន្ថែមថា សម្តេចដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ 50% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។
ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានចំអកទៅកាន់មេដឹកនាំក្រុមប្រឆាំងជ្រុលនិយមផងដែរ ថាពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ៕
អត្ថបទ៖ ពុទ្ធិកា