ធ្លាប់ខូចចិត្តរឿងស្នេហាមិនសមបំណង នាដការីរបាំបុរាណ សុគា គឹមលាង ចង់រស់នៅជាស្រ្តីឯករាជ !

ធ្លាប់ខូចចិត្តរឿងស្នេហាមិនសមបំណង នាដការីរបាំបុរាណ កញ្ញា សុគា គឹមលាង ចង់រស់នៅជាស្រ្តីឯករាជន រឹងមាំ មិនយកគ្រួសារ ។ 

នាដការីរបាំបុរាណ សុគា គឹមលាង មិនធ្លាប់បើកបង្ហាញពីប្រវត្តិស្នេហារបស់ខ្លួនឱ្យមហាជនបានដឹងលឺ ដោយឡែកជួបនាងកាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា នាងធ្លាប់ខូចចិត្តរឿងស្នេហាម្តងរួចមកហើយកាលពីប៉ុន្មានឆ្នាំមុន ដូច្នេះហើយទើបនាងចង់រស់នៅជាស្រ្តីឯករាជ មិនចង់យកគ្រួសារ ។

ជាមួយនិងការបង្ហាញពីអារម្មណ៍ពិតដែលធ្លាប់ខូចចិត្តពីរឿងស្នេហាកាលពីក្មេងៗ កញ្ញា សុគា គឹមលាង ក៏បានក្លាយទៅជាស្រ្តីរឹងមាំ និង ឯករាជ នាងថែមទាំងនិយាយថា ការរស់នៅម្នាក់ឯងគឺពិតជាសប្បាយចិត្តណាស់ គ្មានសំពាធផ្លូវចិត្ត គ្មានការបង្ខិតបង្ខំ ទោះចង់ធ្វើការងារអ្វីក៏គ្មានអ្នកហាមឃាត់ ហើយក៏មិនចាំបាច់ក្រែងចិត្តនរណាម្នាក់ដែរ ។ 

នាដការីរបាំបុរាណវ័យ ២៥ ឆ្នាំ សុគា គឹមលាង គឺជាកូនស្រីច្បងនៅក្នុងគ្រួសារដែលមានសមាជិកចំនួន ៣ នាក់ កន្លងមកនាងធ្លាប់ឆ្លងកាត់ជីវិតលំបាករាប់មិនអស់ទំរាំអាចឈរជើងបានដូចសព្វថ្ងៃនេះ ។ ក្រៅពីមានឈ្មោះជានាដការីរបាំបុរាណ បច្ចុប្បន្ន សុគា គឹមលាង បានវិឌ្ឍន៍ខ្លួនមួយជំហានទៀត ដោយបានក្លាយទៅជាតារាសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ ជាក់ស្តែងនាងកំពុងថតភាពយន្តខ្នាតធំមួយឱ្យផលិតកម្ម LD ឆាប់ៗខាងមុខនេះទស្សនិកជននឹងបានឃើញស្នាដៃដំបូងរបស់នាងហើយ ។ បន្ថែមពីនេះកញ្ញា សុគា គឹមលាង ក៏កំពុងហ្វឹកហាត់ក្បាច់គុណ ខ្មែរ ដើម្បីទុកការពារខ្លួនផងដែរ ។ 

ក្រៅពីអាជីពសម្តែង បង្ហាញម៉ូដ និង ថតផ្សាយពាណិជ្ជកម្មនានា នាដការីបុរាណ សុគា គឹមលាង គឺជាគ្រូបង្ហាត់បង្រៀនរបាំបុរាណនៅសាលាវិចិត្រសិល្បៈផងដែរ នាងបានយកចំណេះចំណានដែលខ្លួនបានសិក្សាជាច្រើនឆ្នាំលើសិល្បៈបុរាណ ដើម្បីបណ្តុះបណ្តាលកូន ខ្មែរ ជំនាន់ក្រោយឱ្យខ្លាំងក្លាដូចជារូបនាង សូម្បីតែប្អូនស្រីរបស់នាងក៏ជានាដការីរបាំបុរាណផងដែរ ៕