កន្លងមកមានមហាជនជាច្រើនគិតថា កញ្ញា ស៊ូ ស៊ីរីកា អាចនឹងចូលច្រៀងនៅក្នុងផលិតកម្ម បារមី បន្ទាប់ពីឃើញនាងឧស្សាហ៍រួមការងារជាមួយអ្នកនៅទីនោះ ប៉ុន្តែចុងក្រោយនេះ ស៊ូ ស៊ីរីកា នៅតែគ្មានតម្រុយចូលផលិតកម្មខាងលើឡើយ ផ្ទុយទៅវិញ បែរជាលេចមុខកញ្ញា រ៉េត ហ្សូហ្សាណា នៅក្នុងផលិតកម្មចម្រៀងនេះទៅវិញ ។
កញ្ញា ស៊ូ ស៊ីរីកា បានព្យាយាមលេចមុខជាមួយផលិតកម្ម បារមី អស់ពេលជិត ២ ឆ្នាំក្នុងការងារផ្សេងៗ ប៉ុន្តែជាលទ្ធផល នាងនៅតែជាតារាចម្រៀងឯករាជ្យ ដែលរកទ្រនំជ្រកកោណគ្មាន ។ ថ្មីៗនេះ កញ្ញា ស៊ូ ស៊ីរីកា បានចេញបទចម្រៀងថ្មីនៅលើផេកផ្ទាល់ខ្លួន ដោយបទចម្រៀងនោះកំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ។
ស្រេពេលតារាចម្រៀង ស៊ូស៊ីរីកា ចេញបទចម្រៀងផ្ទាល់ខ្លួនដែលគ្មានផលិតជ្រកកោណនិងគេ បែបនេះ ស្រាប់តែខាងផលិតកម្ម បារមី ប្រកាថាកញ្ញា រ៉េត ហ្សូហ្សាណា ក្លាយទៅជាតារាចម្រៀងប្រចាំនៅទីនោះជាផ្លូវការទៅវិញ ។
ជុំវិញរឿងរ៉ាវរបស់អ្នកទាំងពីរនេះ ត្រូវបានជជែកវែកញ៉ែកជាច្រើនពីមហាជន ខណៈពេលដែល ស៊ូ ស៊ីរីកា តស៊ូរាប់ឆ្នាំបែរជាមិនទទួលបានលទ្ធផលដូចអ្វីដែលខ្លួនបានគ្រោងទុក ដោយឡែក កញ្ញា រ៉េត ហ្សូហ្សាណា បែរជាមានសំណាងចូលច្រៀងក្នុងផលិតកម្មនេះជំនួសវិញ ។
ចំពោះរឿងនេះ កញ្ញា ស៊ូ ស៊ីរីកា សុំមិននិយាយអ្វីទាំងអស់ នាងបានត្រឹមតែនិយាយថា អ្វីដែលខ្លួនបានតស៊ូ និង រំពឹងត្រូវបានរលាយ តែនាងក៏មានផែនការ ការងារជាច្រើនដែលត្រូវធ្វើ ។ ថ្វីដ្បិតតែមិនបានបង្ហាញពីការពិត តែមើលទៅ ស៊ូ ស៊ីរីកា មិនសប្បាយចិត្តប៉ុន្មានទេ ។
ក្រឡេកមកមើលកញ្ញា រ៉េត ហ្សូហ្សាណា វិញ ហាក់បីដូចជារីករាយជាមួយនិងការចូលទៅទ្រនំថ្មីនេះខ្លាំងណាស់ បន្ទាប់ពីនាងបានស្ងប់ស្ងាត់អស់ពេលជាងមួយឆ្នាំក្នុងវិស័យចម្រៀង ។ បើតាមគម្រោងបទចម្រៀងរបស់នាង នឹងចេញជាផ្លូវការនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៤ នេះហើយ ។
កញ្ញា រ៉េត ហ្សូហ្សាណា បានក្លាយទៅជាតារាចម្រៀងនៅក្នុងផលិតកម្ម ហង្សមាស ជាង ៨ ឆ្នាំហើយ ហើយកេរ្តិ៍ឈ្មោះរបស់នាងក៏ល្បីល្បាញខ្លាំងមិនធម្មតាដែរ មិនដឹងថា ការចូលខ្លួនទៅក្នុងផលិតកម្មថ្មីរបស់នាង អាចនឹងទាញប្រជាប្រិយភាពពីមហាជនបានកម្រិតណាទេ ៕