អភិបាលខេត្តកំពត៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់វិស័យដីធ្លី និងពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ក្រោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ រហូតបន្តដល់សម្តេចធិបតី វិស័យដីធ្លីត្រូវបានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ និងត្រូវបានពន្លឿននីតិវិធីផ្សេងៗ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានលឿន។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាស្រុកដងទង់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានលើកឡើងទៀតថា អស់កាលជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់មិនមានបណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែង ដែលធ្វើឱ្យការប្រើប្រាស់ដីធ្លី និងការទាញយកប្រយោជន៍ពីដីធ្លី មិនអស់សក្តានុពលនៃដី ហើយដោយសារប្រទេសជាតិបានកើតមានសង្គ្រាមជាបន្តបន្ទាប់ ដែលបង្ខំឱ្យប្រជាពលរដ្ឋ ត្រូវរត់ភៀសខ្លួនពីតំបន់មួយទៅតំបន់មួយ ជាក់ស្តែងជំនាន់ ប៉ុល ពត កម្មសិទ្ធិលើដីធ្លីទាំងអស់ត្រូវបានដកហូត និងដាក់បញ្ចូលជាកម្មសិទ្ធិសមូហភាព។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសន្តិភាពពេញលេញ។ ក្រោមការដឹកនាំប្រកបដោយឆន្ទៈ និងមនសិកាស្នេហាជាតិមាតុភូមិ និងការស្រលាញ់ប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុក​ដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី ក្នុងនោះរាជរដ្ឋាភិបាលបានជំរុញការអនុម័តច្បាប់ភូមិបាល ឆ្នាំ២០០១ និងបានចេញលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី ទាំងដីរបស់រដ្ឋ ដីឯកជន ដីវត្តអារាម និងដីសហគមន៍ជនជាតិដើមភាគតិច ជាដើម។

បន្ទាប់ពីមានគោលការណ៍ច្បាប់គ្រប់គ្រាន់ហើយ រាជរដ្ឋាភិបាល បានជំរុញការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិ តាមរយៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានបង្កើតយុទ្ធនាការចុះវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិតាមបទបញ្ជាលេខ ០១បប ដែលជាលទ្ធផល គិតតាំងពីពេលចាប់ផ្តើមរហូតមក​ទល់ពេលនេះ ការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិនៅទូទាំងប្រទេសសម្រេចបានប្រមាណ ៩៧,២% ធៀបនឹងក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ស្រុកដងទង់មានចំនួន ១០ឃុំ ស្មើនឹង ៥៤ភូមិ ហើយបានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់ពីឆ្នាំ២០០៩ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖ ប្រកាសតំបន់វិនិច្ឆ័យ និងវាស់វែងប្រមូលទិន្នន័យបញ្ចប់ទាំងស្រុង ទាំង ៥៤ភូមិ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ៧៥,៤២៤​ក្បាលដី ក្នុងនោះមានការចែកបណ្ណរួចរាល់ជូនប្រជាពលរដ្ឋ បានចំនួន ៤០ភូមិ ស្មើនឹង ៥០,៩១០ក្បាលដី(ស្មើ ៦៧,៥០%) កំពុងដំណើការបិទផ្សាយមិនទាន់ចប់ ត្រៀមចែកបណ្ណពេលបន្តបន្ទាប់ទៀតមានចំនួន ០៥ភូមិ ស្មើ ១១,៤១៧ក្បាលដី(ស្មើ១៥,១៤%) ភូមិកំពុងដំណើរការពិនិត្យសម្អាតទិន្នន័យមិនទាន់បិទផ្សាយចំនួន ០៩ភូមិ ស្មើនឹង ១៥,៣៦៩ក្បាលដី (ស្មើ១៧,៣៧%)។

ការចែកបណ្ណក្នុងថ្ងៃនេះ មាន ១ភូមិ គឺភីមិបើន មានក្បាលដីចំនួន ២,២៧៥ក្បាលដី និងបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ២៦ភូមិ និងបណ្ណពន្ធសូន្យរបស់ ​សម្តេចផ្តល់ជូនពលរដ្ឋ សរុបមានចំនួន ៧,១៤៤បណ្ណ៕