ក្នុងរយៈពេល១ឆ្នាំនៃអាណត្តិថ្មី៖ កម្មករនិយោជិតពេញចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលដំឡើងប្រាក់ឈ្នួលអប្បបរមា និងផ្តល់អត្ថប្រយោជន៍ដ៏សម្បូរបែប

(ភ្នំពេញ)៖ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ បានបង្ហាញពីការពេញចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដំឡើងប្រាក់ខែ បង្កើតការងារថ្មីៗ និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន រួមទាំង មានលក្ខខណ្ឌការងារល្អប្រសើរជូនពួកគាត់។

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរបានកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៧ រហូតដល់២០៤ដុល្លារក្នុងឆ្នាំ២០២៤។ បន្ថែមលើនេះរាជរដ្ឋាភិបាល បានបន្តផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗច្រើនទៀត គឺ របបសន្តិសុខសង្គម ប្រាក់សោធននិវត្តន៍សម្រាប់វិស័យឯកជន។

អ្នកស្រី ឆម សុភា ជាកម្មការិនីនៅរោងចក្រ សេងយ៉ុងបាននិយាយថា ការទទួលបានប្រាក់ឈ្នួលច្រើនជាងមុន អាចជួយសម្រាល បន្ទុកក្នុងការចំណាយប្រចាំថ្ងៃ ក្នុងគ្រួសារ លុយផ្តល់ឱ្យកូនសិក្សា និងផ្គត់ផ្គង់ឳពុកម្តាយដែលមានវ័យចាស់។ កម្មការិនីរូបនេះ បានបង្ហាញការសប្បាយចិត្តក្នុងការធ្វើការងារបន្ថែមម៉ោង ដើម្បីទទួលបានប្រាក់កម្រៃកាន់តែច្រើន។ អ្នកស្រី ឆម សុភា៖ «សប្បាយបងអើយសប្បាយ បើសិនជាយើងអត់ការងារធ្វើប្រាក់កម្រៃវាមានតិច ដល់ពេលចឹងយើងមិនអាចផ្គត់ផ្គង់ទៅរួចទេ តែបើសិនយើងមានការងារ យើងអាចថែមម៉ោង វាបានប្រាក់កម្រៃសមរម្យដែរ អ៊ីចឹងយើងអាចទប់ទល់ការចំណាយឈ្នះ»។

កម្មការិនីវ័យ៣០ឆ្នាំជាងរូបនេះនិយាយដោយទឹកមុខញញឹមថា ក្រៅពីបានដំឡើងប្រាក់ខែជូនកម្មករនិយោជិត រាជរដ្ឋាភិបាលក៏បានផ្តល់ភាពកក់ក្តៅបន្ថែមទៀត តាមរយៈការផ្តល់ជូនអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលសំខាន់បំផុតគឺ ការឧបត្ថម្ភស្ត្រីមានផ្ទៃពោះ ពេលសម្រាលកូន និងការឧបត្ថម្ភក្រោយពេលសម្រាល។

អ្នកស្រីបន្ថែមថា៖ «ពេលយើងមានផ្ទៃពោះ យើងទៅពិនិត្យផ្ទៃពោះហ្នឹងក៏គេឱ្យប្រាក់ឧបត្ថម្ភយើងដែរ ដល់ពេលយើងសម្រាល សេវាសម្រាលក៏គេចេញឱ្យយើង ថ្នាំពេទ្យគេចេញឱ្យយើង ហើយយើងបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលទៀត ពេលយើងចេញពីពេទ្យ យើងរត់ឯកសារអីហើយ គឺយើងបាន៨០ម៉ឺន និងលុយ៧៥%ទៀត ហើយពេលយើងសម្រាលហើយពេលកូនយើងទៅពេទ្យចាក់ថ្នាំបង្ការផ្សេងៗ គឺបានម្តង៨ម៉ឺនទៀត»។
អ្នកស្រីបញ្ជាក់ថា៖ «សប្បាយចិត្តណាស់បង ព្រោះបើសិនជាយើងអត់បានលុយរាជរដ្ឋាភិបាលផ្តល់ឱ្យ យើងក៏ចំណាយច្រើនណាស់ ដល់ពេលមានលុយរាជរដ្ឋាភិបាលឱ្យយើងទៅហើយ យើងបានចំណូលមកវិញទៀត យើងអត់ចំណាយ ហើយយើងបានចំណូលមកវិញ»។

រីឯ អ្នកស្រី ផន ស្រីនិច វ័យ៣០ឆ្នាំជាកម្មការិនីម្នាក់ទៀតធ្វើការនៅរោងចក្រ សេងយ៉ុង បាននិយាយថា បច្ចុប្បន្នមិនមានការពិបាកក្នុងការស្វែងរកការងារធ្វើនោះ ហើយនៅកន្លែងធ្វើការក៏បានអនុវត្តលក្ខខណ្ឌការងារល្អប្រសើរជាងមុនធ្វើឱ្យអ្នកស្រីមានភាពកក់ក្តៅក្នុងការបំពេញការងារ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់មិនឱ្យថ្លៃផ្ទះជួលឡើងស្រេចតែចិត្ត ព្រមទាំងមានការតបណ្តាញទឹកភ្លើងរដ្ឋជូនកម្មករផង ធ្វើឱ្យការចំណាយកាន់តែតិចជាងមុន។ អ្នកស្រីបន្ត៖ « កាលមុនមានការខ្វះខាតច្រើន ណាមួយគិតដល់ថ្លៃផ្ទះជួលច្រើន ទឹកភ្លើង ហូបចុក ហើយចំណាយចំណូលគ្រួសារមួយខែៗ មិនដឹងសល់ប៉ុន្មានអីប៉ុន្មាន គិតច្រើន វាចំណាយច្រើនជាងឥឡូវ តែឥឡូវចំណាយរាងតិច ថ្លៃផ្ទះជួលក៏អត់សូវថ្លៃ ថ្លៃទឹកថ្លៃភ្លើងអីក៏រាងចុះ ម្លោះហើយ យើងចំណាយតិច ចំណូលរាងបានច្រើនដែរ»។

ចំណែកកម្មការិនី ចាន់ ណន អាយុ៣០ឆ្នាំ ធ្វើការនៅរោងចក្រ សេងយ៉ុងដែរនោះបាននិយាយថា ប្រាក់ឧបត្ថម្ភផ្សេងៗដូចជា ថ្លៃម្ហូបអាហារ ថ្លៃធ្វើដំណើរ និងប្រាក់ធ្វើការងារទៀងទាត់ នៅតែបន្តទទួលបាន និងថែមទាំងមានភាពងាយស្រួលចំពោះលក្ខខណ្ឌការងារ ដែលមិនមានភាពស្មុគស្មាញ និងផ្តល់សិទ្ធិសេរីភាពពេញលេញ។ អ្នកស្រីបន្តថា៖ « លុយអត្ថប្រយោជន៍ច្រើនដែរ លុយបាយ លុយធ្វើដំណើរ លុយស្នាក់នៅ ហើយនិងលុយ៥%»។

ជាមួយគ្នានេះដែរ កម្មការិនី សេង ចរិយា អាយុ ២៣ឆ្នាំ ធ្វើការនៅរោងចក្រ សេងយ៉ុង បាននិយាយថា ក្នុងការបំពេញការងារប្រចាំថ្ងៃមានភាពងាយស្រួល មិនមានការដាក់សម្ពាធ បៀតបៀនណាមួយឡើយ។ អ្នកស្រី សេង ចរិយា៖«លក្ខខណ្ឌការងារល្អ អត់មានគាបសង្កត់យើងទេ សិទ្ធិសេរីភាពងាយស្រួល នៅក្នុងរោងចក្រនេះអត់មានការរឹតបន្តឹងសិទ្ធិសេរីភាពទេ»។

អ្នកស្រី ឆេង ស្រីពេជ្រ អាយុ៣៥ឆ្នាំ ក្នុងសំលៀកបំពាក់អាវក្រៅដៃវែងពណ៌ខៀង ពាក់លើរ៉ូបពណ៌ស៊ីជម្ពូរ ធ្វើការក្នុងរោងចក្រ សេងយ៉ុងបាននិយាយថា អ្នកស្រីបានទទួលបានអត្ថប្រយោជន៍ពី ប.ស.ស ទាំងការថែទាំងសុខភាព មានប្រាក់សោធននិវត្តន៍ដូចមន្ត្រីរាជការ ពេលមានគ្រោះថ្នាក់ការងារ គឺរដ្ឋជាអ្នកទទួលខុសត្រូវ ពោលគឺបើមានពិការភាព រដ្ឋជាអ្នកចិញ្ចឹម បើស្លាប់រដ្ឋជាអ្នកសង។ អ្នកស្រី ពេជ្របន្តថា៖ «អត់សូវខ្វល់ដោយសារមាន ប.ស.ស ជួយ ព្រោះយើងអត់សូវចំណាយលើកូន ឬក៏ពេទ្យទេ»៕

MLVT #HENGSour