លោក Lee Sang Yoon នាយកប្រតិបត្តិក្រុមហ៊ុន Haeju Industry Development បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ។ ការកោតសរសើរកម្ពុជាបែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
ដោយផ្អែកលើបទពិសោធន៍ជោគជ័យនៃការរៀបចំពិពរណ៍ផ្ទាំងគំនូររបស់ក្រុមហ៊ុន នៅកម្ពុជា នាពេលថ្មីៗនេះ លោកនាយកប្រតិបត្តិ បានបញ្ជាក់ថា ក្រុមហ៊ុន គ្រោងនឹងរៀបចំពិព័រណ៍នេះជាលើកទី២ ហេីយក៏គ្រោងបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី ជូនកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌។
ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក៏បានប្រគល់ជូនសម្ដេចធិបតីនូវផ្ទាំងគំនូរដ៏ល្អវិចិត្រ ដែលជារូបរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអបអរសាទរចំពោះជោគជ័យនៃការរៀបចំពិព័រណ៍ផ្ទាំងគំនូរលើកទី១ ដែលបានប្រព្រឹត្តទៅនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តរៀបចំពិព័រណ៍បែបនេះ នៅកម្ពុជា ដែលនឹងរួមចំណែកជំរុញការផ្លាស់ប្ដូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះការរៀបចំផ្ទាំងគំនូរដ៏វិចិត្រនេះអំពីសម្តេចតេជោ ហ៊ុន សែន ដែលជានិមិត្តរូបនៃការតស៊ូ និងការលះបង់របស់សម្ដេចតេជោ ក្នុងការរំដោះជាតិ និងស្វែងរកនូវសុខសន្ដិភាពពេញលេញជូនប្រទេសនិងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានផ្តួចផ្តើមភ្ជាប់ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េក្នុងឆ្នាំ១៩៩៧៕
អត្ថបទ ៖ ពុទ្ធិកា