ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានចេញមកច្រានចោល ចំពោះការលើកឡើងជាព័ត៌មាននិងជាមតិនៅលើគេហទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថា សម្តេចនឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។
ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នៅពេលថ្មីៗនេះមានការលើកឡើងជាព័ត៌មាននិងជាមតិនៅលើគេហទំព័រ ហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថា សម្តេចនឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។ ដូចជាគណនីមានឈ្មោះ BongBunna Chaiheng បានសរសេរថា៖ «សម្តេចសខេងជាបេក្ខភាពនាយក រដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង ពលរដ្ឋសាទរនឹងចង់ឃើញខ្មែររួបរួមគ្នា តែមួយ» និងគណនីឈ្មោះ Bunthoeun បានសរសេរថា៖ «BongBunna Chaiheng ខ្ញុំគាំទ្រសម្តេច ក្រឡាហោម ជានាយករដ្ឋមន្ត្រី ១០០%” ជាដើម។
ចំពោះករណីនេះ អ្នកនាំពាក្យខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានបដិសេធ និងបញ្ជាក់ជម្រាបជូនសាធារណជនដូចតទៅ៖
១-សម្តេចក្រឡាហោម ស ខេង ដែលបានឆ្លងកាត់អាជីពជាអ្នកនយោបាយអស់រយៈពេលជាង ៥០ឆ្នាំក្នុងការចូលរួមកិច្ចការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយនៅពេលនេះ សម្តេច មានជន្មាយុ ច្រើនណាស់ទៅហើយ និងចង់ទុកពេលវេលាសម្រាក ដោយគ្មានមហិច្ឆតាណាបន្តិចចន្តួចសោះក្លាយជា នាយករដ្ឋមន្ត្រីនាពេលខាងមុខ។
២-នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់រួចមកហើយថា៖ សម្តេច នៅតែបន្តចូលរួម និងគាំទ្រឥតងាករេចំពោះការសម្រេចចិត្ត របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងបន្តជួយគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ប្រកបដោយថាមពល ដើម្បីសម្រេចនូវរបៀបវារៈនយោបាយដែលបានដាក់ចេញ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ហើយនិងគាំទ្រសម្រាប់អាណត្តិខាងមុខៗបន្តទៀត៕
អត្ថបទ៖ ពុទ្ធិកា