នាយករដ្ឋមន្ត្រីសិង្ហបុរី៖ ភាពរកាំរកូសរវាងចិន និងអាមេរិក ប៉ះទង្គិចដល់ពិភពលោកទាំងមូល

ការប៉ះទង្គិចគ្នារវាងមហាអំណាចសេដ្ឋកិច្ចទាំង២ គឺប្រទេសចិន និងសហរដ្ឋអាមេរិក នឹងធ្វើឲ្យ​ពិភពលោកទាំងមូល​រងការ​ប៉ះទង្គិចជាខ្លាំង។ នេះបើតាមការឲ្យដឹងពីនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បាន​និយាយ​នៅ​វេទិកា Boao Forum សម្រាប់អាស៊ី ធ្វើឡើងនៅប្រទេសចិន។

“ភាពព្រួយបារម្ភជាខ្លាំងនាពេលនេះ គឺទំនាក់ទំនងរវាងអាមេរិក និងចិន។ ប្រទេសមហាអំណាច​មាន​ទំនួលខុសត្រូវខ្ពស់​ក្នុងការ​រក្សា​ស្ថិរភាព និងទំនាក់ទំនងការងារ​រវាគ្នានិងគ្នា ព្រោះការប៉ះទង្គិចណាមួយ​រវាងពួកគេ នឹងធ្វើ​ឲ្យ​ពិភពលោកទាំងមូល​ជួប​បញ្ហា​មិនអាច​ស្មានដល់”។ នេះបើតាមសម្ដី​លោក Lee បាន​មានប្រសាសន៍។

លោកបន្ថែមទៀតថា៖ “​ប្រទេសចិន និងអាមេរិក​មាន​បញ្ហាដែលមិនទាន់អាចដោះស្រាយ​ដាច់ស្រេច​ដូចជា ការធ្វើពាណិជ្ជកម្ម និងវិនិយោគ សង្វាក់ផ្គត់ផ្គង់ សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត សន្ទុះនៃកំណើនវិស័យបច្ចេកវិទ្យា និងសេរីភាពនៃការធ្វើនាវាចរណ៍”។

“ពួកយើងរំពឹងថា ចិន និងអាមេរិកនឹងអាចដោះស្រាយបញ្ហាទាំងនោះបាន និងរក្សាបាននូវ​ស្ថិរភាព​នៃ​ទំនាក់ទំនង​ប្រទេសទាំង២ ក៏ដូចជាគោរពសិទ្ធគ្នាទៅវិញទៅមក​ចំពោះផលប្រយោជន៍​នៃ​ប្រទេសទាំង២ រៀងៗខ្លួន”។

គួររំលឹកដែរថា វេទិកា Boao Forum ធ្វើឡើងតំបូងក្នុងឆ្នាំ ២០០១ បង្កើតឡើងក្នុងគោលបំណងក្នុងការជំរុញការអភិវឌ្ឍន៍រួម តាមរយៈសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់៕