សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខសន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីរក្សាបាននូវប្រក្រតីភាពនៃការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាជន និងភាពចម្រុងចម្រើនរបស់ប្រទេសជាតិ ដោយមិនអនុញ្ញាតឱ្យជនណាមួយមកបំផ្លិចបំផ្លាញសន្តិភាព និងបង្កចលាចលសង្គមបានឡើយ។
គួរបញ្ជាក់ថា តាមរយៈការអនុវត្តផែនការប្រឆាំងទប់ស្កាត់អំពើកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលកំណត់ធ្វើសកម្មភាពនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឆែកឆេរ និងឃាត់ខ្លួនសមាជិក សកម្មជននៃក្រុមកុបកម្មចំនួន ៣១នាក់ ក្នុងនោះស្រី ២នាក់ ដែលបានធ្វើសកម្មភាពតាមផែនការរបស់ពួកគេក្នុងការប្រមូលកម្លាំងនៅតាមគោលដៅដែលបានកំណត់ ។ ក្នុងនោះសមត្ថកិច្ច ក៏បានដកហូតបាននូវសម្ភារជា វត្ថុតាងមួយចំនួន ដូចជា ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូនិងគ្រាប់ដែកសម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។
ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ អត្ថបទ៖ ពុទ្ធិកា