រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅកម្ពុជា។ បើតាមអនុក្រឹត្យចុះថ្ងៃ១៦ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកំណត់យកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅកម្ពុជា គឺក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិជាមួយ បណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីសន្តិភាពនៅក្នុង សង្គមជាតិនិងសាកលលោក។
ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា ក៏ជាការរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តម បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទទួលបាននូវព្រះរាជបរមងារកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ។
អនុក្រឹត្យដដែល ក៏បានកំណត់ឲ្យ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស គ្រឹះស្ថានសាធារណៈនិងឯកជន និងភាគីពាក់ព័ន្ធ ចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជនដើម្បី ឱ្យមានការយល់ដឹងអំពីការប្រតិបត្តិតាមព្រះពុទ្ធឱវាទ។
ក្រសួងធម្មការនិងសាសនា ត្រូវរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅកម្ពុជា ជារៀងរាល់ឆ្នាំ ដោយសហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ស្របតាមស្ថានភាពជាក់ស្តែងនៃការវិវត្តនៃការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅតាមបណ្តាប្រទេសអ្នកកាន់ ព្រះពុទ្ធសាសនា។
រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យក្រសួងធម្មការនិងសាសនា ផ្ញើសារអបអរសាទរនិងគាំទ្រចំពោះការរៀបចំ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជូនគណៈគ្រប់គ្រងនៃកិច្ចប្រជុំកំពូលអ្នកកាន់ព្រះពុទ្ធសាសនាពិភពលោកផងដែរ៕
អត្ថបទ៖ ពុទ្ធិកា