ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំរាជរដ្ឋាភិបាល នីតិកាលទី៧ នាថ្ងៃចន្ទ ទី១៩ ខែសីហានេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា ក្នុងរយៈពេលមួយឆ្នាំពេញនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (២២ ខែសីហា ២០២៣-២២ ខែសីហា ២០២៤) គឺថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងសមិទ្ធផលលិចធ្លោជាច្រើនទៀត ដូចជាការការពារនូវ អធិបតេយ្យភាព ជាដើម។
លោកបានបញ្ជាក់ថា រយៈពេល១ឆ្នាំក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលថ្មីសម្រេចបានសមិទ្ធផលសំខាន់ៗមួយចំនួនក្នុង សមិទ្ធផលលេចធ្លោទី១ គឺការថែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ៖ ហេតុអ្វីបានជាសន្តិភាពនិងស្ថិរភាពនយោបាយនៅតែជាសមិទ្ធផលធំដំបូងគេដែលត្រូវរំលេច? ពីព្រោះសន្តិភាពនិងស្ថិរភាពនយោបាយនេះបាត់បង់ហើយ យើងមិនអាចនិយាយអំពីសមិទ្ធផលអ្វីបានទាំងអស់។ ដូច្នេះ ហើយបានជាថ្នាក់ដឹកនាំរបស់យើងតែងអះអាងបញ្ជាក់ជារឿយៗថា ត្រូវតែការពារឱ្យបានសុខសន្តិភាព និងស្ថិរភាពនយោបាយទោះជាក្នុងតម្លៃណាក៏ដោយ។ នេះគឺជាកិច្ចសន្យាដ៏ឧឡារឹករបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាចំពោះមុខប្រជាជាតិខ្មែរ។
លោកបន្តថា រយៈពេល១ឆ្នាំក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលក៏សម្រេចបានសមិទ្ធផលសំខាន់ៗលេចធ្លោមួយទៀតគឺ ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៖ ហេតុអ្វីបានជាត្រូវចាត់ទុកបញ្ហានេះជាសមិទ្ធផលលេចធ្លោ? ពីព្រោះ អធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិសាសន៍នីមួយៗ។ ដូច្នេះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានលះបង់ខ្ពស់ណាស់ និងបង្កើតបានស្នាដៃធំធេងណាស់ក្នុងការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។
លោក ប៉ែន បូណា បានរម្លឹកឡើងថា រយៈពេលជាង ៥០០ ឆ្នាំចុងក្រោយ ប្រទេសជាតិយើងឆ្លងកាត់ការបែកបាក់ សង្គ្រាមស៊ីវិល រហូតដល់ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ (១៩៧៥-៧៩) ដែលជាដំណាក់កាលគ្រោះថ្នាក់បំផុតចុងក្រោយមួយដែលប្រទេសជាតិយើងឈានទៅរកការរលាយសាបសូន្យទាំងស្រុងទាំងប្រទេសជាតិ ទាំងពូជសាសន៍ខ្មែរ។ ប៉ុន្តែ ជាភ័ព្វសំណាង ដែលវីរជនគណបក្សប្រជាជនកម្ពុជាបានដណ្តើមជីវិតខ្មែរ និងប្រទេសកម្ពុជាយើងចេញពីសេចក្តីវិនាស ហិនហោច ដោយយកជីវិតទៅប្តូរ។