កម្ពុជា ជំរុញការដាំដើមត្នោតជាជួរនៅតាមតំបន់ព្រំដែន ដើម្បីធ្វើជារបងដ៏រឹងមាំសម្រាប់ការពារទឹកដី

ឯកឧត្តម អ៊ាង សុផល្លែ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យដាំត្នោតជាជួរ ឱ្យបានច្រើនជាពិសេសនៅតាមតំបន់ព្រំដែន និងដាំតាមតំបន់មួយចំនួនទៀត ដើម្បីភាពបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារកម្ពុជា។

ក្នុងពិធីដាំដើមឈើ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំ កាលពីចុងសប្តាហ៍នេះ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ក្រសួងបរិស្ថាន បានខិតខំបណ្តុះនិងចែកកូនត្នោត ជូនប្រជាពលរដ្ឋដាំដុះ ជាពិសេសដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ បរិស្ថាននិងការពារទឹកដីកម្ពុជា។

កន្លងមកឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់កូនត្នោតចំនួន១ម៉ឺនដើម ជូនដល់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ ដើម្បីដាំជាបន្តបន្ទាប់ រួចហើយ នៅក្នុងភូមិសាស្ត្របណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅថ្ងៃខាងមុខនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសផ្តល់ជូនកូនត្នោតចំនួនជាង៣ម៉ឺនដើមបន្ថែមទៀត ដើម្បីដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅខែកញ្ញាឆ្នាំ​២០២៤ ខាងមុខ។

នៅក្នុងផែនការទៅអនាគត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានកំបុងជំរុញការបណ្តុះកូនត្នោតឱ្យបានច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋដំាជាជួរ តាមខ្សែក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់។

សូមបញ្ជាក់ថា ដើមត្នោតត្រូវបានចាត់បញ្ចូល ជារុក្ខាជាតិ គឺប្រភេទដើមឈើនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ដើមត្នោត បានផ្តល់ជាប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដូចជា ផ្តល់គម្របបៃតង និងអត្ថប្រយោជន៍ជាច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃ៕