អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា និងសមិទ្ធិផលនានានៃស្រុកចន្ទ្រា ដែលមានតម្លៃ៥៨ម៉ឺនដុល្លារ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ ម៉ែន សំអន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
សមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់រួមមាន ៖ អាគារទីស្នាក់ការគណបក្សស្រុក ចំនួន០១ខ្នង កំពស់ ០២ជាន់ ដែលមានប្រវែង ២៥ម៉ែត្រ x ៣៧ម៉ែត្រ ខ្លោងទ្វារ និងរបង ក្រាលឥដ្ឋការ៉ូ ម៉ាបនៅបរិវេណខាងមុខអគារទីស្នាក់ការ ស្តូបមិត្តភាពចំនួន១ រូបសំណាកអប្សរាចំនួន២ រូបសំណាកព្រាបស(ធំ)ចំនួន២ ស្រះទឹកចំនួន១ ដាំដើមត្នោត ដើមឈើ ចាក់ដីបំពេញទីធ្លា ការបំពាក់គ្រឿងបរិក្ខារ សង្ហារឹម រួមមាន តុឈើ កៅអីឈើ ទូរឈរនិយាយ LED Screen ទំហំ ៨៥អ៉ីង ចំនួន ០១គ្រឿង សាឡុង ម៉ាស៊ីនត្រជាក់ ចំណាយអស់ថវិកាសរុប ៥៨០,០០០ $ (ប្រាំរយប៉ែតសិបពាន់ដុល្លារសហរដ្ឋអាមេរិកគត់) ដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា និងសហការី ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុន សែន ជូនដល់សមាជិកទាំងអស់នៃអង្គពិធីដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់ដក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកជំទាវបានបន្តទៀតថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីសន្លាងមួយទៀត នៅក្នុងស្រុកចន្ទ្រា ដែលបម្រើឱ្យរដ្ឋបាលគណបក្សនៅ ថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ ទុំខាងនយោបាយក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងជាប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខ សន្តិភាពពេញលេញជូនជាតិ និងមាតុភូមិ៕