ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ តភ្ជាប់ខេត្តខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សាងសង់សម្រេចបានជិត៩០ភាគរយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវជាតិលេខ១០ នេះសាងសង់ឡើងប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) ។ ផ្លូវនេះមាន ប្រវែងជាង២០០គីឡូម៉ែត្រ និង និងទទឹង ៩ម៉ែត្រ ដោយរាប់ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ចំណុច PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ផ្លូវ គឺ ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងបង្ខិតឱ្យកាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ដែលប្រៀបបានដូចជាសរសៃឈាម និងមានសារៈសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ គ្រោងប្រើប្រាស់ រយៈពេលសាងសង់ ៦៦ខែ ដោយបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ។
អត្ថបទ៖ ពុទ្ធិកា