សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះការញុះញង់របស់លោក ហៃ វណ្ណា មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន ដោយមិនខ្វល់ពីផលប៉ះពាល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសារ និងភ្ជាប់ជាមួយវីដេអូអំពាវនាវររបស់បុគ្គល ហៃ វណ្ណា តាមតេឡេក្រាមយ៉ាងថា៖ “ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះមិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល។
ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច ថាបើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ។ មិនតែប៉ុណ្ណោះបុគ្គលនេះខំប្រឹងអំពាវនាវឱ្យក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណាដុតឱ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ។
ហៃ វណ្ណា និយាយនេះប្រហែលជាសំដៅទៅលើគ្រួសាររបស់ខ្លួននោះឯង ព្រោះថាទាំងគាត់ទាំងក្រុមគ្រួសារគាត់ បានកំពុងរស់នៅប្រទេសជប៉ុន ហេតុដូច្នេះបើសេដ្ឋកិច្ចខ្មែរដាំក្បាលចុះមែននោះ ប្រាកដជាមិនប៉ះពាល់គាត់នឹងក្រុមគ្រួសារទេ។ ប៉ុន្តែសួរថាប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែររាប់លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាឬទេ?
សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ស្ដាប់សារនេះហើយពិចារណាចុះ ជាពិសេសអ្នកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាយើង”៕