សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរ និងអបអរសាទរចំពោះគំនិតផ្ដួចផ្ដើម និងការរៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅទឹកដីអង្គរ ខេត្តសៀមរាប និងបានចាត់ទុកព្រឹត្តិការណ៍នេះ បានផ្សារភ្ជាប់អំពីវប្បធម៌ សិល្បៈ ក៏ដូចជាការដាក់បង្ហាញពីម្ហូបអាហារខ្មែរ ដើម្បីចែករំលែកដល់អ្នកទេសចរបានយល់ បានភ្លក់ និងកម្សាន្តសប្បាយ។
ក្នុងបណ្តាញទំនាក់ទំនងសង្គមនារាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេររៀបរាប់ថា៖ “សូមកោតសរសើរ និងអបអរសាទរចំពោះគំនិតផ្ដួចផ្ដើម និងការរៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅទឹកដីអង្គរ ខេត្តសៀមរាប ។ ព្រឹត្តិការណ៍នេះ បានផ្សារភ្ជាប់អំពីវប្បធម៌ សិល្បៈ ក៏ដូចជាការដាក់បង្ហាញពីម្ហូបអាហារខ្មែរ ដើម្បីចែករំលែកដល់អ្នកទេសចរបានយល់ បានភ្លក់ និងកម្សាន្តសប្បាយអំឡុងពេលធ្វើដំណើរមកកាន់ដែនដីអង្គរ ។”
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្នុងការរៀបចំព្រឹត្តិការណ៍នានាបន្ថែមទៀត នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាឱ្យបានកាន់តែទូលំទូលាយ ក្នុងគោលដៅទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិឱ្យបានកាន់តែច្រើនបន្ថែមទៀត ។
គួរបញ្ជាក់ថា សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។ ពិធីនេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋានអង្គរ។
ព្រឹត្តិការណ៍ «ស្នាមញញឹមកម្ពុជា» រយៈពេល៤ថ្ងៃនេះ មិនត្រឹមតែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងជាចលនានៃការបំផុសគំនិតជាតិនិយម បំផុសឱ្យបងប្អូនខ្មែរយើងចេះស្រឡាញ់ ថែរក្សាមរតក វប្បធម៌ជាតិខ្មែរ និងរួមគ្នាផ្សព្វផ្សាយទៅកាន់ពិភពលោក តាមរយៈការផលិតមាតិកាវីដេអូ អប់រំ សិល្បៈ វប្បធម៌ ម្ហូបអាហារ តំបន់ទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារជាដើមនៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ ពុទ្ធិកា