គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីដំណើរការរៀបចំការបោះឆ្នោតជាប្រក្រតី នៅក្នុង ២៥ រាជធានី ខេត្តទូទាំងប្រទេស ក្នុងនោះមានទាំងខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង។
សេចក្តីថ្លែងការណ៍របស់ គ.ជ.ប នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា គ.ជ.ប ជាអង្គការដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រសូត្រចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៨៤.៥៩% បានទៅបោះឆ្នោត តាមឆន្ទ:រៀងៗខ្លួន។
អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនសុទ្ធតែវាយតម្លៃថា ការបោះឆ្នោតដែលរៀបចំ ដោយ គ.ជ.ប បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
គ.ជ.ប បានបន្តថា តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន គ.ជ.ប បានរៀបចំការបោះឆ្នោតសកល និងអសកល ជាទៀងទាត់ នៅទូទាំងរាជធានី ខេត្ត ក្នុងនោះក៏មានខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែងផងដែរ។ ដោយឡែកក្នុងអំឡុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ គ.ជ.ប បានរៀបចំការបោះ-ឆ្នោត ចំនួន ៤ ប្រកបដោយជោគជ័យតាមការកំណត់នៃច្បាប់ រួមមាន ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅក្នុង ១៦៥២ ឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងតំណាង-រាស្រ្តនីតិកាលទី៧ នៅក្នុង ២៥ រាជធានី ខេត្ត ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅក្នុង ៨ ភូមិភាគ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត នៅក្នុង ២៥ មណ្ឌល រាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នៅក្នុង ២០៩ មណ្ឌល ក្រុង ស្រុក ខណ្ឌ។
បច្ចុប្បន្ន គ.ជ.ប កំពុងត្រៀមរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ នាខែកញ្ញា ខាងមុខនៅគ្រប់ឃុំ សង្កាត់នៃក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្តទាំង ២៥។ ទាំងនេះ សបញ្ជាក់ឲ្យឃើញថា គ.ជ.ប បំពេញភារកិច្ចរបស់ខ្លួនជាប្រក្រតី និងតាមអាណត្តិនៃការបោះឆ្នោតនីមួយៗ តាំងពីឆ្នាំ១៩៩៨ ជាឆ្នាំដែល គ.ជ.ប ចាប់ផ្តើមរៀបចំការបោះឆ្នោតដោយខ្លួនឯង។
ដើម្បីបន្តថែរក្សានិរន្តរភាពជាតិ គ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ប្រកាន់ខ្ជាប់នូវឧត្តមគតិ និងឧត្តមប្រយោជន៍មាតុភូមិជាធំ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសិទ្ធិ និងករណីកិច្ចស្របតាមច្បាប់ជាធរមាន និងកុំជឿតាមការញុះញង់ណាមួយដែលប្រាសចាកពីការពិត៕