ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ កុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតឲ្យធ្វើបាតុកម្មបង្កើតបដិវត្តន៍ពណ៌របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស។
ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៏ថ្មីៗដល់ក្រុមប្រឹក្សាស្រុក-ឃុំ រដ្ឋអំណាចមូលដ្ឋាន និងមន្រ្តីក្រុមការងារចុះមូលដ្ឋានស្រុកពារាំង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅស្រុកពារាំង។
ឯកឧត្តម បានបញ្ជាក់ជូនពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងខិតខំបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ដើម្បីការពារបូរណភាពដែនដីឲ្យបានរឹងមាំយូរអង្វែង។
ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងកុំភ្លាត់ភ្លាំងតាមការឃោសនាញុះញង់ បោកបញ្ឆោតរបស់ក្រុមជ្រុលនិយមឲ្យធ្វើបាតុកម្មបង្កើតបដិវត្តន៍ពណ៌ និងសូមជឿទុកចិត្ត និងគាំទ្រដល់រាជរដ្ឋាភិបាលលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA)៕