នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ប្រចាំគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋ និងឯកជនចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្តាប់នូវវឌ្ឍនភាពការងារ ក៏ដូចជាដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់កណ្តាល និងក្រុមការងារនៃគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តប្រចាំគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហេង សួរ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈធិបតី និងអ្នកចូលរួមទាំងបាននាឱកាសនោះ។ ជាមួយគ្នានោះ លោកក៏បានធ្វើរបាយការណ៍ អំពីសកម្មភាព សមិទ្ធផល របស់ ស.ស.យ.ក. គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយគូសបញ្ជាក់ពីការរីកលូតលាស់នៃសមាសជិកភាព ការរៀបចំវគ្គបណ្តុះបណ្តាលដែលផ្តល់ចំណេះដឹង ដល់យុវជន ក្នុងការត្រៀមលក្ខណៈសម្បត្តិដើម្បីទទួលបានឱកាសការងារ ជាពិសេសនោះគឺការចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តនានាដែលជួយដល់សង្គម និងប្រទេសជាតិផងដែរ។
ក្នុងជំនួបសំណេះសំណាលនោះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការចែករំលែកទៅកាន់ សមាជិក សមាជិកាទាំងប្រមាណ២៧០នាក់ អំពីប្រវត្តិ បេសកកម្ម និងចក្ខុវិស័យរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា។
ឯកឧត្តមបានអះអាងថា ស.ស.យ.ក. មានឈ្មោះដើមថា សមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិឡើងនៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨។ សមាគម ត្រូវបានបង្កើតឡើងក្នុងគោលដៅចូលរួមជាមួយរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នាពេលនោះ ដើម្បីរំដោះប្រទេសជាតិ និងជួយសង្រ្គោះអាយុជីវិតប្រជាជនឱ្យរួចផុតពីជ្រោះមរណៈ នៃរបបប្រល័យពូជសាសន៍។
នាពេលនោះ ប្រធានទីមួយរបស់យើងគឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ព្រមទាំងឥស្សរជនជាច្រើនរូបជាយុទ្ធមិត្ត បានតស៊ូយ៉ាងស្វិតស្វាញ និងធ្វើពលិកម្មសព្វបែបយ៉ាង ដោយដាក់អាយុជីវិតជាដើមទុន ក្នុងគោលបំណងតែមួយគត់គឺស្វែងរកសុខសន្តិភាព និងសុភមង្គលជូនជាតិ មាតុភូមិ និងប្រជាជន។
រហូតមកទល់សព្វថ្ងៃ ស.ស.យ.ក. បានបន្តរក្សាស្មារតី ២ធ្នូ បានយ៉ាងខ្ជាប់ខ្ជួន ដោយបានប្រែក្លាយបេសកកម្មរបស់ខ្លួនពីការសង្រ្គោះជាតិ មកជាការចូលរួមផ្តល់ត្រលប់ទៅប្រទេសជាតិ តាមរយៈកិច្ចការសង្គម។ អ្វីដែលយើងបាន និងកំពុងធ្វើ គឺជាការរួមចំណែកក្នុងថែរក្សានូវសមិទ្ធផលទាំងឡាយ ដែលបុព្វបុរសជំនាន់មុនបានខិតខំកសាងបានមកដោយលំបាកបំផុត។ អ្វីដែលមានតម្លៃមិនអាចកាត់ថ្លៃបានថែមទៀតនោះ គឺសុខសន្តិភាពពេញលេញរយៈពេលជិត ៣ ទសវត្សរ៍ចុងក្រោយនេះ ដែលបាននាំមកនូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើគ្រប់វិស័យ។
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មដ៏ថ្លៃថ្លា គឺការការពារសុខសន្តិភាពដែលបាននាំមកដោយលំបាកនេះ។ ការពារជាដាច់ខាត នូវសេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវ និងការសម្រេចចិត្តទាំងឡាយ ដែលឈរលើមូលដ្ឋានស្នេហាជាតិខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ដោយការពារឱ្យខាងតែបាននូវចេតនាអាក្រក់ទាំងឡាយក្នុងការបំផ្លិចបំផ្លាញសមិទ្ធផលទាំងនោះ ទោះក្នុងតម្លៃណាក៏ដោយ។
បន្ថែមពីនេះ បានស្វែងយល់ និងសិក្សាយ៉ាងច្បាស់ពីកត្តាប្រវត្តិសាស្រ្ត និង បានមើលឃើញជាក់ស្តែងនូវបទពិសោធន៍នៃការញុះញង់ ដែលនាំឲ្យមានការបែកបាក់ជាតិ ឈានទៅដល់ការផ្ទុះសង្រ្គាមផ្ទៃក្នុង។ ដោយហេតុនេះហើយ ស.ស.យ.ក. នឹងត្រៀមខ្លួនជានិច្ច ការពារមិនឲ្យស្រមោលអតីតកាលនៃប្រវត្តិសាស្រ្តជូរចត់អាចកើតមានសារជាថ្មី លើទឹកដីដ៏កំសត់របស់យើងបានឡើយ៕