រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩៨% ហើយគ្រោងដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣នេះ។
នៅក្នុងឪកាសចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់អគារមន្ទីរពេទ្យកាល់ម៉ែត លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែមីនា បានលើកឡើងថា ក្រសួងមានគម្រោងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ នៅចុងខែឧសភាខាងមុខនេះ ខណៈពេលនេះ ការងារសាងសង់សម្រេចបានជាង ៩៨% បើតាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់។
សូមជម្រាបជូនថា គម្រោងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បានបើកការដ្ឋានកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨ ខណៈដែលអគារមជ្ឈមណ្ឌលពហុឯកទេសនេះ មានកម្ពស់ ១២ជាន់ មានផ្ទៃក្រឡាសរុបជាង ៤២.០០០ ម៉ែត្រការ៉េ និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ៕