តារាចម្រៀង រ៉េប វណ្ណដា ទទួលស្វាគមន៍យ៉ាងកក់ក្តៅជាមួយការរាំ ឆៃយុំា ពេលមកដល់ប្រទេស កម្ពុជា កាលពីព្រឹកមិញនេះ !  

មុននេះបន្តិចតារាចម្រៀងរ៉េប វណ្ណដា បានមកដល់ប្រទេស កម្ពុជា ហើយក្រោយពីបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍បិទ កីឡាអូឡាំពិកនារដូវក្តៅ នៅក្នុងឆ្នាំ ២០២៤ នៅប្រទេស បារាំង ។ វណ្ណដា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រ និងថ្នាក់ដឹកនាំមួយចំនួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ អមដោយការរាំរបាំឆៃយុំា ដើម្បីស្វាគមន៍ ។ 

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC អមដំណើរដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានទទួលស្វាគមន៍ដំណើរមកដល់មាតុភូមិវិញរបស់តារារ៉េបដ៏ល្បីរបស់ កម្ពុជា លោក វណ្ណដា ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញផ្ទាល់តែម្តង ព្រមទាំងជាមួយភ្លេងរបាំឆៃយុំា បន្ទាប់ពីតារារ៉េបវ័យក្មេងរូបនេះ បានបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ប៉ារីស ឆ្នាំ២០២៤ កាលពីថ្ងៃទី១១ ខែសីហា កន្លងមកនេះ ។

ការបង្ហាញខ្លួនរបស់តារាចម្រៀងរ៉េប វណ្ណដា លើកដំបូងក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំសម្រាប់រដូវកាលនេះ បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំងមកលើប្រទេស កម្ពុជា បន្ទាប់ពីតារាចម្រៀងនេះ បានច្រៀងបទចម្រៀង « Time To Rise » នៅឆាកដ៏ធំ និងបានចូលរួម ផ្សព្វផ្សាយ និងលើកមុខមាត់ កិត្តិយសកម្ពុជា លើឆាកអន្ដរជាតិ សូម្បីតែសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសាទរចំពោះតារាចម្រៀង វណ្ណដា ក្នុងការបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដ៏មានគុណតម្លៃនេះ ៕