លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានសមាគមអ្នកច្បាប់ បានលើកឡើងថា កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញក្នុងការសម្រេចក្នុងព្រំដែនសមត្ថកិច្ចដែនដីនៃប្រទេសរបស់ខ្លួន។ គម្រោងអភិវឌ្ឍន៍ CLV គឺជាចំណែកមួយជំរុញអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ ហើយបើឈរលើមូលដ្ឋានច្បាប់ គឺពិតជាពុំអាចទៅរួចទេដែលថាគម្រោងនេះ ធ្វើឱ្យបាត់បង់ទឹកដី។
លោកបានបន្តថា ប្រទេសជិតខាងកម្ពុជា រួមជាមួយកម្ពុជាខ្លួនឯង បានឯកភាពគ្នាកំណត់ព្រំដែនខណ្ឌសីមា ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ រួចរាល់ហើយ និងមានចារិកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ថែមទាំងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ស្របតាមច្បាប់ និងវិធានអន្តរជាតិថែមទៀតផង។
ប្រធានសមាគមអ្នកច្បាប់រូបនេះ បានគូសបញ្ជាក់ថា ផ្អែកតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ ការដោះស្រាយសម្របសម្រួលដោយសន្តិវិធីលើបញ្ហាកំណត់និងបោះបង្គោលព្រំដែន គឺជាអ្វីដែលប្រទេសប្រជាធិបតេយ្យក្នុងលោកប្រកាន់យក ហើយបាននិងកំពុងធ្វើ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កងទ័ពកម្ពុជាបាននិងកំពុងឈរជើងការពារព្រំដែនទឹក-ដី របស់ខ្លួនយ៉ាងរឹងមាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ខេត្តទាំង ៤ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ CLV និងខេត្តផ្សេងៗទៀត បាននិងកំពុងហើយនឹងបន្តជានិរន្តរ៍ដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា តាមឋានានុក្រមរចនាសម្ព័ន្ធរដ្ឋបាល ចាត់តាំង និងជ្រើសតាំង ពីថ្នាក់លើដល់ថ្នាក់មូលដ្ឋានខាងក្រោម ស្របតាមច្បាប់ជាតិ មិនមែនគ្រប់គ្រងដោយបរទេសណាមួយឡើយ ហើយរឹតតែនឹងមិនអាចគ្រប់គ្រងដោយបរទេសណាមួយដែរនាពេលអនាគត ព្រោះផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតកាន់ចង្កូតដឹកនាំជាតិ គឺមានឆន្ទៈខ្ពស់ធានាការពាររក្សាព្រំដែនទឹក-ព្រំដែនដី ជូនជាតិ មាតុភូមិ និងប្រជាជន បើទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាសន្យាថានឹងរក្សាឱ្យបាន។
ប្រភពពីអ្នកច្បាប់ដដែលបានបន្ថែមទៀតថា ឈរលើឆន្ទៈខ្ពស់ និងមូលដ្ឋានការពារទឹកដីដ៏រឹងមាំនេះ ការបើកចំហរទ្វារប្រទេសស្រូបយកអ្នកវិនិយោគ អ្នកជំនួញ និងអ្នកទេសចរណ៍ មកក្នុងប្រទេស ជាពិសេសការបង្ករលក្ខណៈងាយស្រួល ព្រមទាំងការលើកទឹកចិត្តផ្សេងៗដល់ពួកគេ ក្នុងក្របខ័ណ្ឌច្បាប់ ទោះក្នុងទម្រង់ជាតំបន់អភិវឌ្ឍន៍ CLV ក្តី ឬក្នុងរូបភាពជាការវិនិយោគផ្សេងៗទៀតក្តី គឺជាសេចក្តីប្រាថ្នារបស់ពលរដ្ឋគ្រប់រូប ព្រោះវាបានផ្តល់ផលជាវិជ្ជមាន តាមរយៈការបង្កើតមុខរបរ ការបង្កើតការងារ ការបង្កើតនិងការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជាតិទាំងមូល៕