ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញយុទ្ធសាស្ត្រគេយករឿង CLV បំបាក់ ហ្វូណនតេជោ, ចុងក្រោយជាជ័យជំនះរបស់…

ឯកឧត្ដម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញយុទ្ធសាស្ត្រគេយករឿង CLV បំបាក់ ហ្វូណនតេជោ គ្រាដែលរឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ។

តាមរយៈសំណេរលើគណនីហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ឃើញរឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ ទោះជាមានការតវ៉ារបស់វៀតណាម យ៉ាងណាក្តី ក៏នឹកឃើញរឿងផ្ទុះជាមួយវៀតណាមនៅពេលរាជរដ្ឋាភិបាលអោយប្រមូលកម្លាំងវាយចូលដណ្តើមប៉ៃលិន នៅឆ្នាំ ១៩៩៤ និង ពេលទាញរឿងវៀតណាមនៅពេលដែលយើងប្រមូលកម្លាំងតទប់ជាមួយថៃនៅព្រះវិហារ យ៉ាងនោះដែរ ។ ខ្ញុំគិតថាយុវជនមួយចំនួនមិនទាន់កើត ឬ នៅក្មេងមិនទាន់ទាញមើលការប្រៀបធៀបបាន ។ សូមនិយាយតែ ១៩៩៤ សិន ដោយសម័យនោះរាជរដ្ឋាភិបាលអោយអូសកម្លាំងមួយចំនួនពីគ្រប់ខេត្តដើម្បីវាយប៉ៃលិន តែពេលនោះក្រុមកម្លាំងមួយចំនួន ( ខ្ញុំសូមមិននិយាយអង្គភាព ឬ ភាគីណាទេ ) ដែលជាកម្លាំងលោតឆត្រសម័យសមាហរណកម្មត្រីភាគី ក៏បានបំផុសផ្អើលពេញប្រទេសនូវសភាពការណ៍ថាវៀតណាមទន្ទ្រានកាន់កាប់នៅភូមិដូង ខេត្តស្វាយរៀង ហើយពួកខ្លួនកំពុងស្វិតស្វាញបូជាខ្លួនមិនព្រមអោយវៀតណាមកាន់កាប់ ( តែទីតាំងនោះវៀតណាមនៅតាំងពីដើម ) ។ ហើយពួកគេក៏រួចខ្លួនមិនទៅច្បាំងថែមទាំងទទួលការកោតសរសើរពីអ្នកមិនដឹងរឿងនោះទៀត ។ ចុះពេលនេះ ? ពួកគេបានដកពិសោធន៍រឿងពីរ ។ ជ័យជំនះក្នងការបោះឆ្នោតឆ្នាំ ២០១៨ គឺជាជ័យជំនះភ្លូកទឹកភ្លូកដី ព្រោះកម្ពុជាឈ្នះថៃទាំងលើផ្នែកច្បាប់ ទាំងលើសមរភូមិ ( ថៃស្លាប់រហូតដល់ឧត្តមសេនីយ ) ហើយជ័យជំនះសម្បើមក្នងការបោះឆ្នោតកន្លងមក ទោះជាក្រុមប្រឆាំងយកលេសថាពួកខ្លួនត្រូវគាបសង្កត់ក្តី ក៏គេយល់ច្បាស់ណាស់ថាគឺជ័យជំនះសុីហ្កេមនៅភ្នំពេញ ដែលជាកត្តាជំរុញអោយមានជ័យជំនះនេះ ។ ហេតុនេះ ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកាតាលីករ ( Catalyst ) នៃជ័យជំនះរបស់គណបក្សប្រជាជននៅឆ្នាំ ២០២៨ ជាមិនខាន ។ ហេតុនេះ យុទ្ធសាស្ត្ររបស់គេគឺយករឿង CLV បំបាក់ ហ្វូណនតេជោ ហើយបើគេអាចរុញអោយក្លាយជាអំពើហឹង្សាទៀតនោះ ទោះផ្តួលរាជរដ្ឋាភិបាលមិនបានយ៉ាងហោចណាស់យកឈាមមនុស្សដែលគេបោកបានលាបលើព្រែកជីកហ្វូណនតេជោដែរ ។ តែពេលនេះ ធ្វើអ្វីមិនទាន់បាន គេខំលើករឿងសហប្រតិបត្តការសេដ្ឋកិច្ចតាំងពី ២០ ឆ្នាំជាង ជាមួយវៀតណាម ឡាវ មកបំភ័ន្ត ទាំងគ្មានឯកសារសរសេរណាមួយបន្ទាត់ ក្នុងពេលដែលមេបក្សប្រឆាំងមួយចុះហត្ថលេខាជាលាយលក្ខណ៍អក្សរប្រគល់ខេត្ត ៤ របស់ខ្មែរអោយវៀតណាម ស អាចធ្វើសកម្មភាពបានដោយសេរីប្រឆាំងនឹងរដ្ឋភិបាលវៀតណាមដែលផ្ទុយទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង រដ្ឋធម្មនុញ្ញរបស់កម្ពុជាថែមទៀត ។ មួយមាត់ទទេ មួយមានក្រដាស តែគេបិទមាត់ឈឺង”៕