តាមការបង្ហើបឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ នៃសមគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សមាគមអ្នកនិពន្ធ កំពុងរៀបចំកម្មវិធីទស្សនកិច្ចសិក្សារយៈពេលខ្លីមួយទៅកាន់ខេត្តចំនួន៤ នៅភូមិភាគឦសាន្តប្រទេស គឺក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌល ដើម្បីឱ្យសិក្ខាកាមបានស្វែងយល់អំពីប្រពៃណី វប្បធម៌ និងសក្តានុពលនៃខេត្តទាំងនេះ។
តាមការគ្រោងទុក ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ២យប់ គឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយមានរថយន្តក្រុងចំនួន២ ឬបីគ្រឿងសម្រាប់សិក្ខាកាមសមាគមអ្នកនិពន្ធខ្មែរដែលបានចូលរួម ឬប្រហែលជាអាចអនុញ្ញាតឱ្យមហាជនចូលរួមដំណើរផងដែរប្រសិនបើពួកគេស្ម័គ្រចិត្ត។
លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ មានប្រសាសន៍ថា ការរៀបចំឱ្យមានដំណើរទស្សនកិច្ចទៅកាន់ខេត្តទាំង៤នេះ គឺជាការល្អសម្រាប់សិក្ខាជាអ្នកនិពន្ធ ដើម្បីបំពេញចំណេះដឹងបន្ថែម បន្ទាប់ពីសិក្ខាកាម បានបញ្ចប់វគ្គសិក្សា ផ្នែកតែងនិពន្ធនៅក្នុងថ្នាក់រៀន។
លោក ពៅ សុខ បញ្ជាក់ថា ការរៀបចំឱ្យមានដំណើរតស្សនកិច្ចដល់សិក្ខាកាមតែងនិពន្ធ របស់សមាគមអ្នកនិពន្ធខ្មែរ មិនមែនទើបតែជាលើកដំបូងនឡទេ ព្រោះកន្លងមក រាល់ពេលបញ្ចប់វគ្គសិក្សា សមាគមតែងតែរៀបចំឱ្យមានដំណើរទស្សនកិច្ចបែបនេះ ក្នុងនោះមានទៅកាន់សក្តានុពល គឺខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងជាដើម។
លោកបន្ថែមថា ប្រសិនបើមានការឧបត្ថម្ភណាមួយនោះ លោកចង់ឱ្យមានដំណើរទស្សនកិច្ចបែបនេះ ឱ្យបានច្រើន ដើម្បីពង្រីកការយល់ដឹងបន្ថែមទៀត ដល់សិក្ខាកាម បន្ទាប់ពីពួកគេបញ្ចប់វគ្គសិក្សានីមួយៗ៕