លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 បានរំពឹងថាចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” នឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប។ ការបង្ហាញក្តីរំពឹងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។
លោក Maximillion Cooper ក៏បានបង្ហាញណាប់អារម្មណ៍ចំពោះវប្បធម៌សម្បូរណ៍បែប ភាពស្រស់ស្អាតនៃប្រាង្គប្រាសាទនានា និងសុខសន្តិភាពនៅកម្ពុជា។
លោក បានបន្តថា ក្នុងឱកាសប្រារព្ធខួប២៥ឆ្នាំរបស់ខ្លួន ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ដែលអ្នកចូលរួមសុទ្ធសឹងជាបុគ្គលល្បីៗ មកពីជាង៥០ប្រទេស នឹងឆ្លងកាត់ប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។ ព្រឹត្តិការណ៍នេះនឹងរួមចំណែកក្នុងការផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រការរៀបចំនូវព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះនៅកម្ពុជា។ ហើយសម្តេច បានគូសបញ្ជាក់ថា អាជ្ញាធរ និងដៃគូពាក់ព័ន្ធកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងចូលរួមក្នុងព្រឹត្តិការណ៍នេះ និងការត្រៀមបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការស្វាគមន៍យ៉ាងរាក់ទាក់របស់ប្រជាជនខ្មែរ។
សម្តេចធិបតី ក៏បានអរគុណ មូលនិធិ Gumball 3000 Rally ដែលបានចូលរួមចំណែកក្នុងការគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ និងគ្រោងជួយសាលាបណ្តុះបណ្តាលកីឡានៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។ ការរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” នឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប៕
អត្ថបទ៖ ពុទ្ធិកា