សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់ផ្តើមការចរចាឡើងវិញ ជុំវិញកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ សេចក្តីថ្លែងការណ៍បាននិយាយថាប្រទេសទាំងបីបានបង្កើត “កិច្ចព្រមព្រៀងក្របខ័ណ្ឌ” ដែលមាន “ព័ត៌មានលម្អិតនៃការអនុវត្តនៅសល់ដើម្បីបញ្ចប់” ។
អ៊ីស្រាអែល បាននិយាយថា ខ្លួននឹងបញ្ជូនអ្នកចរចាទៅកាន់កិច្ចចរចាដែលបានស្នើឡើង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា នៅទីក្រុងដូហា ឬទីក្រុងគែរ។ ជុំវិញរឿងនេះ ក្រុមហាម៉ាសមិនបានឆ្លើយតបភ្លាមៗទេ។
ការជំរុញការទូតជាថ្មីនឹងត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីបញ្ឈប់ភាពតានតឹងក្នុងតំបន់ពីការរីករាលដាលចេញពីការគ្រប់គ្រង បន្ទាប់ពីមេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh ត្រូវបានធ្វើឃាតកាលពីសប្តាហ៍មុន។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងបីបានអញ្ជើញអ៊ីស្រាអែល និងក្រុមហាម៉ាស ឱ្យចាប់ផ្តើមកិច្ចចរចាឡើងវិញនៅថ្ងៃទី១៥ ខែសីហា “ដើម្បីបិទបញ្ចប់កិច្ចព្រមព្រៀងដែលនៅសល់ទាំងអស់ ហើយចាប់ផ្តើមការអនុវត្តកិច្ចព្រមព្រៀងដោយគ្មានការពន្យារពេលបន្ថែមទៀត” ។
សេចក្តីថ្លែងការណ៍នេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក Joe Biden ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi និង Emir នៃប្រទេសកាតា Sheikh Tamim bin Hamad Al Thani ៕
អត្ថបទ៖ ជីវ័ន