រុស្ស៊ីនិយាយខ្លីៗថា មិនខ្វល់ទោះអាមេរិកមិនផ្ដល់ទិន្នន័យនុយក្លេអ៊ែរក៏ដោយ

កាលពីពេលថ្មីៗនេះ អាមេរិកបានប្រកាសថា ពួកគេនឹងបញ្ឈប់ការផ្ដល់ទិន្នន័យដល់រុស្ស៊ី បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូ ផ្អាកការចូលរួមជាមួយសន្ធិសញ្ញានុយក្លេអ៊ែរ New START។

ជុំវិញបញ្ហាមួយនេះ ភាគីរុស្ស៊ីបានឆ្លើយតបយ៉ាងខ្លីៗថា ទោះអាមេរិកចង់ផ្ដល់ ឬមិនផ្ដល់​ទិន្នន័យ​នុយក្លេអ៊ែរមកកាន់ពួកគេ ក៏ពួកគេមិនឈឺក្បាលនោះដែរ។ នេះបើតាមការចុះផ្សាយពី Kelo។

“យើងបានធ្វើការប្តេជ្ញាចិត្តដោយស្ម័គ្រចិត្ត ដើម្បីប្រកាន់ខ្ជាប់នូវដែនកំណត់បរិមាណកណ្តាល ដែលកំណត់ដោយសន្ធិសញ្ញានោះ ហើយស្ថានការណ៍របស់យើង​ក៏មិនបានកំណត់​ដោយសារ អាមេរិកយល់ព្រម ឬមិនយល់ព្រមប្រគល់ទិន្នន័យរបស់ពួកគេ​មក​ឲ្យយើងនោះឡើយ”។ នេះបើតាមសម្ដីរបស់អនុរដ្ឋមន្ត្រីការបរទេស Sergei Ryabkov បាននិយាយ។

សូមជម្រាបដែរថា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានប្រកាសថា នឹងផ្អាកចូលរួមកិច្ចព្រមព្រៀង​មួយនេះកាលពីខែមុន ដោយមិនបញ្ជាក់ពីភស្តុតាងថា លោកខាងលិច​បាន​ចូលរួមដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងការវាយប្រហារមកលើបន្ទាយកងទ័ព​រុស្ស៊ី៕