សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វត្តមានសាកលវិទ្យាល័យស្តង់ដាអង់គ្លេស គឺសាកលវិទ្យាល័យ ឌី ម៉ុនហ្វត (De Montfort University Cambodia) ជាសក្ខីភាពបង្ហាញពីការទុកចិត្តចំពោះស្ថិរភាពនយោបាយ បរិយាកាសវិនិយោគ និងអំណាចទីផ្សាររបស់កម្ពុជា។
សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ “សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia” នៅព្រឹកថ្ងៃទី៨ សីហា ២០២៤។សាកលវិទ្យាល័យ ឌី ម៉ុនហ្វត គឺជាសាកលវិទ្យាល័យទីមួយដែលមានស្តង់ដារបស់អង់គ្លេស ដែលបានបង្ហាញវត្តមានជារូបវ័ន្តនៅកម្ពុជា និងជាសាខាសាកលវិទ្យាល័យ ឌី ម៉ុនហ្វត ដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការទទួលស្គាល់ស្ថិរភាពនយោបាយ, ការរីកចម្រើនសេដ្ឋកិច្ច និងសក្តានុពល កំណើនតទៅអនាគតរបស់កម្ពុជា ជាពិសេសគឺការវាយតម្លៃទៅលើអំណាចចាយវាយរបស់ទីផ្សារកម្ពុជា ដែលមានបរិមាណកាន់តែរីកធំធាត់ឡើង ស្របតាមការអភិវឌ្ឍជឿនលឿនសេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី មានប្រសាសន៍ថា ការបើកសាកលវិទ្យាល័យបាន គឺជារឿងអស្ចារ្យម្យ៉ាង ប៉ុន្តែការពិនិត្យលើលទ្ធភាពនៃការបន្តឈរជើង ឱ្យបានយូរអង្វែង និងធានានិរន្តរភាពគ្រប់គ្រង គឺជាបញ្ហាដែលសាកលវិទ្យាល័យនីមួយៗ ត្រូវពិចារណាដោយប្រយ័ត្នប្រយែងខ្លាំងណាស់ ទម្រាំគេសុខចិត្តមកបង្កើតសាខា ដែលមានសំណង់អគារជារូបវន្តនៅក្រៅប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែង គុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និង ជាការបង្កើនជម្រើសកាន់តែសំបូរបែប ដល់ទីផ្សារអប់រំ និង និស្សិតកម្ពុជា។ ដោយហេតុថា សាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយរបស់អង្គការសហប្រជាជាតិ, និងដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ, ការងារសហគមន៍ និងឧត្តមភាពសិក្សា៕
អត្ថបទ៖ អក្ខរា