លោក ពូទីន ចោទអ៊ុយក្រែនពី “ការបង្កហេតុទ្រង់ទ្រាយធំ” ដែលវាយឆ្មក់ចូលគ្រប់គ្រងទឹកដីរុស្ស៊ីភាគនិរតី

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធបាននិយាយពាក់ព័ន្ធនឹងការលុកលុយរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk ភាគនិរតីរបស់ប្រទេសរុស្សុីថាជា “ការបង្កហេតុទ្រង់ទ្រាយធំ” ខណៈដែលមន្រ្តីរបស់លោកបានអះអាងថា ពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងការវាយឆ្មក់ឆ្លងព្រំដែនសម្រាប់ថ្ងៃទីពីរ។

លោក ពូទីន បានជួបជាមួយមន្ត្រីការពារជាតិ និងសន្តិសុខកំពូលរបស់លោក ដើម្បីពិភាក្សាអំពីអ្វីដែលលោកហៅថា “ការបាញ់ផ្លោងមិនរើសមុខនៃអគារស៊ីវិល ផ្ទះលំនៅដ្ឋាន រថយន្តសង្គ្រោះដែលមានអាវុធប្រភេទផ្សេងៗគ្នា”។ លោក​បាន​ណែនាំ​គណៈរដ្ឋមន្ត្រី​ឱ្យ​សម្របសម្រួល​ជំនួយ​ដល់​តំបន់ Kursk ។ ការប្រយុទ្ធគ្នាមានចម្ងាយប្រហែល 500 គីឡូម៉ែត្រ (320 ម៉ាយ) ពីទីក្រុងម៉ូស្គូ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា អគ្គសេនាធិការកងទ័ពលោក Valery Gerasimov បានប្រាប់លោក Putin នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូថា ទាហានអ៊ុយក្រែនប្រហែល ១០០នាក់ត្រូវបានសម្លាប់នៅក្នុងសមរភូមិ និងជាង ២០០នាក់បានរងរបួស។

ការលុកលុយរបស់យោធាអ៊ុយក្រែន បានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី។ យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ទាហានអ៊ុយក្រែនរហូតដល់ ៣០០នាក់ ដែលគាំទ្រដោយរថក្រោះ ១១ គ្រឿង និងរថពាសដែកជាង ២០ គ្រឿងបានឆ្លងកាត់ចូលទៅក្នុងប្រទេសរុស្ស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Maria Zakharova និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់ផ្លោងរបស់អ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ជាគ្រូពេទ្យ និងអ្នកបើកបររថយន្តសង្គ្រោះ និង ២៤នាក់រងរបួស។

ជម្រាបថា ព្រំដែននៃតំបន់ Kursk ជាមួយអ៊ុយក្រែនមានប្រវែង ២៤៥ គីឡូម៉ែត្រ (១៥០ ម៉ាយល៍) ដែលអាចទៅរួចសម្រាប់ក្រុមបះបោរដើម្បីបើកការវ៉ៃលុកយ៉ាងឆាប់រហ័ស និងគ្រប់គ្រងដីមួយចំនួន មុនពេលដែលរុស្ស៊ីដាក់ពង្រាយការពង្រឹង៕

អត្ថបទ៖ ជីវ័ន