តុលាការធម្មនុញ្ញថៃនៅថ្ងៃពុធនេះ បានរំលាយគណបក្ស ឆ្ពោះទៅមុខ Move Forward (MFP) ពីបទធ្វើឱ្យប៉ះពាល់ដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងសន្តិសុខជាតិ ហើយបានហាមឃាត់ប្រធានគណបក្សមិនឲ្យធ្វើនយោបាយរយៈពេល ១០ឆ្នាំ។ នេះបើតាមកាសែត Bangkok Post ។
នៅម៉ោង៣ នារសៀលនេះ ចៅក្រមទាំង៩រូបបាននិយាយថា គណបក្សនេះបានបង្កការគំរាមកំហែងដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងសន្តិសុខជាតិ តាមរយៈយុទ្ធនាការជាបន្តបន្ទាប់ និងត្រៀមធ្វើវិសោធនកម្មមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់ខ្លួនកាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។
យោងតាមតុលាការ ការប៉ុនប៉ងបែបនេះបានធ្វើឱ្យតម្លៃស្ថាប័នរាជវង្សធ្លាក់ចុះ បង្ហាញពីចេតនាបំពានលើស្ថាប័នព្រះមហាក្សត្រ ដើម្បីផលប្រយោជន៍នយោបាយក្នុងការបោះឆ្នោតសកល ធ្វើឱ្យប៉ះពាល់ដល់ជំនឿរបស់ប្រជាពលរដ្ឋចំពោះស្ថាប័ន និងប៉ះពាល់ដល់សន្តិសុខជាតិ។
ក្រៅពីរំលាយគណបក្សហើយនោះ តុលាការក៏បានហាមឃាត់ប្រធានគណបក្ស Move Forward ចំនួន ១១រូប ដែលកាន់តំណែងចន្លោះពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំនេះ មិនឲ្យឈរឈ្មោះបោះឆ្នោត បង្កើតគណបក្សនយោបាយថ្មី ឬចូលរួមបង្កើតគណបក្សថ្មីរយៈពេល ១០ឆ្នាំក្រោយ។ នេះបើយោងតាមសេចក្តីសម្រេចរំលាយចោលរបស់តុលាការថៃ៕
អត្ថបទ៖ ជីវ័ន