សមាគមសិល្បករខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។ ពិធីនេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋានអង្គរ។
នៅក្នុងកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំកម្មវិធី«ស្នាមញញឹមនៃកម្ពុជា» កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងថា កម្មវិធី«ស្នាមញញឹមនៃកម្ពុជា» ដែលគ្រោងរៀបចំនៅលើទឹកដីនៃខេត្តសៀមរាបនេះ ជាសក្ខីភាពបន្ថែមទៀត បង្ហាញពីការចូលរួមរបស់សមាគមសិល្បករខ្មែរ ដែលមិនត្រឹមតែយកចិត្តទុកដាក់ចូលរួមក្នុងវិស័យសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែសមាគមក៏បានគិតគួរដោយផ្សារភ្ជាប់ចូលរួមក្នុងវិស័យទេសចរណ៍ផងដែរ។
អ្នកឧកញ៉ា បានបន្តថា នេះការអនុវត្តតាមផែនការសកម្មភាពរបស់សមាគម ដែលកន្លងមកតាមរយៈផែនការសកម្មភាពទាំងនេះហើយ បានក្លាយជាផែនទីចង្អុលផ្លូវសម្រាប់សមាគមសិល្បករខ្មែរ ប្រតិបត្តិតាមប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពលើការចូលរួមជួយដល់សង្គមជាតិ លើកិច្ចការងារក្នុងវិស័យវប្បធម៌ ហើយពេលនេះក៏បានចូលរួមលើវិស័យទេសចរណ៍បន្ថែមទៀត ដែលត្រូវបានចាត់ទុកថា ជាឧស្សាហកម្មគ្មានផ្សែង និងជាការនាំចេញនៅនឹងកន្លែងនោះ។
ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធានសមាគម ក៏បានប្រកាសជំហរចូលរួមជាមួយនឹងក្រុមប្រឹក្សាភិបាល ក៏ដូចជាក្រុមការងារពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យផែនការសកម្មភាពផ្សព្វផ្សាយពីទេសចរណ៍តាមរយៈកម្មវិធី«ស្នាមញញឹមនៃកម្ពុជា» ប្រព្រឹត្តទៅបានរលូន ស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផង និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់សមាគមចូលរួមក្នុងកិច្ចការជួយសង្គមជាតិផងដែរ។
គួរបញ្ជាក់ថា កម្មវិធី«ស្នាមញញឹមនៃកម្ពុជា» គ្រោងនឹងរៀបចំឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ខាងមុខនេះ ក្នុងគោលបំណងផ្សព្វផ្សាយពីទេសចរណ៍នៅលើទឹកដីខេត្តសៀមរាប។ កម្មវិធីនេះ នឹងរៀបចំសកម្មភាពមួយចំនួន រួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ៕
អត្ថបទ៖ ពុទ្ធិកា