លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកោតសរសើរដល់សមាគមសិល្បករខ្មែរ ដែលបានចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈខ្មែរ ព្រមទាំងបានជួយដល់សិល្បករ សិល្បការិនី ដែលមានវ័យចំណាស់ និងមានជីវភាពខ្វះខាត ហើយមានផែនការច្បាស់លាស់ក្នុងការជួយពង្រឹងវិស័យសិល្បៈខ្មែរឱ្យមានភាពរីកចម្រើនថែមទៀត ។
ការថ្លែងកោតសរសើរនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល រវាងលោកជំទាវបណ្ឌិតនិងប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន និងមានការចូលរូមពីសមាជិក សមាជិកា សិល្បករ សិល្បការិនី ក្នុងវិស័យសិល្បៈគ្រប់ទម្រង់ជាច្រើនរូប ព្រមទាំងតំណាងសមាគមកាយប្ញទ្ធិនារីកម្ពុជា និងសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ។
លោកជំទាវបណ្ឌិត ក៏បានលើកទ្បើងដែរថា ភារកិច្ចចម្បងរបស់សិល្បករ សិល្បការិនី គឺជាអ្នកនាំសារអប់រំ ជាអ្នកជួយលើកតម្កើងតម្លៃស្រ្តី និងជាអ្នកជួយដល់ការងារមនុស្សធម៌នៅក្នុងសង្គមកម្ពុជា ដែលនេះជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ៕
អត្ថបទ៖ ពុទ្ធិកា