មូលនិធិ Nippon សាទរភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាយគាំពារសង្គម ពិសេសសេវាសុខាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយ លោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី៥ ខែសីហា នាវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិមូលនិធិ Nippon បានកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដែលកម្ពុជាសម្រេចបាន នាពេលកន្លងមក។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា រយៈពេលជាង៣០ឆ្នាំមកនេះ លោកនាយកប្រតិបត្តិសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាលើការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទា ព្រមទាំងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជាពិសេសការគ្របដណ្ដប់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ តាមរយ:កិច្ចសហប្រតិបត្តិការនេះ កម្ពុជាក៏បានផ្តល់ការបណ្ដុះបណ្ដាលដល់និស្សិតបរទេសមួយចំនួន ដែលនេះជាមោទនភាពមួយរបស់កម្ពុជា ។

សម្ដេចធិបតីបានអអរគុណ និងកោតសរសើរចំពោះមូលនិធិ Nippon ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យស្ដានីតិសម្បទា អប់រំ និងសុខាភិបាល នៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា ដោយកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ការស្ដារនីតិសម្បទា គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល ។ សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា មូលនិធិ Nippon នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីគាំទ្រវិស័យដ៏សំខាន់នេះ៕

សូមជម្រាបថា មូលនិធិ Nippon បានជួយប្រទេសកម្ពុជា តាមរយៈ ការអនុវត្តគម្រោងមួយចំនួនក្នុងវិស័យអប់រំ, ការថែទាំសុខភាព, និងពិការភាព។ The Nippon Foundation ដែលក្នុងរយៈកាល ៣០ ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើនបានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញ៕