កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗក្នុងរាជធានីភ្នំពេញ។ នេះជាការឧបត្ថម្ភថវិកាជាលើកទី១៣ បើគិតចាប់តាំងពីឆ្នាំ២០០៨មក។
មូលប្បទានបត្រចំនួន ៣០ម៉ឺនដុល្លារនេះ ត្រូវបាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូន ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល នាថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបមុនពិធីប្រគល់ទទួលថវិកាខាងលើនេះ ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ ថា៖ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤នេះ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ, សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានត្រៀមបម្រុងនូវថវិកា និងគ្រឿងឧបភោគ-បរិភោគ សម្ភារៈសង្គ្រោះរួចជាស្រេច សម្រាប់យកទៅចែកជូនជនរងគ្រោះនិងងាយរងគ្រោះឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះសាខាបានផ្តល់អំណោយមនុស្សធម៌ឆ្លើយតបបានយ៉ាងទាន់ពេលវេលាក្នុងការជួយសម្រាលទុក្ខលំបាកចំពោះមុខរបស់ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ បានចំនួន ៥២.៨២៦គ្រួសារ។
ឯកឧត្តម ឃួង ស្រេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តល់ថវិកាឧបត្ថម្ភដល់សាខារាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ក្រោយពីកាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជន ក្នុងឱកាសអបអរទិវា៨ឧសភា ដែលថវិកានេះពិតជាមានតម្លៃធំធេងណាស់សម្រាប់សាខាប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ជាពិសេសការជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះក្នុងរាជធានីភ្នំពេញ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ហើយសង្ឃឹមថា ថវិកា៣០ម៉ឺនដុល្លារអាម៉េរិកនេះ នឹងអាចជួយសម្រួលនិងសម្រាលការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរងគ្រោះនៅរាជធានីភ្នំពេញបានមួយផ្នែកថែមទៀតផងដែរ៕
អត្ថបទ៖ ពុទ្ធិកា