ព្រែកជីកហ្វូណនតេជោ នាំមកនូវមោទនភាពនិងប្រយោជន៍ដ៏ធំធេងសម្រាប់ជាតិខ្មែរ

គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីកផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គមសេដ្ឋកិច្ចកម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅវេលាម៉ោង៩ និង៩នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ សម្រាប់ទីតាំងរៀបចំពិធីបើកការដ្ឋាន គឺរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសនៅចំនុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ  ខេត្តកណ្តាល ដែលជាចំនុចចាប់ផ្តើមជាប់នឹងទន្លេមេគង្គក្រោម។

ព្រែកជីកហ្វូណនតេជោ ត្រូវបានចាត់ទុកថាជាព្រែកជីកដែលបាននាំឱ្យមានសាមគ្គីភាព និងមោទនភាពជាតិ។ ព្រែកជីកនេះ ជាផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា មានប្រវែង ១៨០​គីឡូម៉ែត្រ ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប  ។ ក្នុងនោះគឺចាប់ពីផ្តើមពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូត ដល់សមុទ្រខេត្តកែប។

ព្រែកជីកហ្វូណនតេជោ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ និងមានហេដ្ឋារចនាសម្ព័ន្ធដូចជា សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ១៧០០លានដុល្លារអាមេរិក និងពេលវលាសាងសង់ប្រមាណចំនួន៤ឆ្នាំ ។

តាមការប៉ាន់ស្មាន ចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ នឹងទទួលផលពីព្រែកជីកនេះ។ ក្នុងនោះ ជួយកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

សរុបមក ព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងបន្តអនុវត្តគម្រោងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃ បាននាំមកនូវមោទនភាពនិងប្រយោជន៍ដ៏ធំធេងសម្រាប់ជាតិខ្មែរ ។ ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកេរមរតកប្រវត្តិសាស្ត្រ ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ តកូនចៅជំនាន់ក្រោយ និងប្រទេសកម្ពុជាទាំងមូលរាប់ពាន់ឆ្នាំតទៅមុខ ៕

អត្ថបទ៖ ពុទ្ធិកា