ឥស្សរជន៣រូប រួមមានឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ,ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ឲ្យត្រៀមដឹកនាំយុវជន និងនិស្សិតទៅទស្សនកិច្ចដោយផ្ទាល់ខ្សែបន្ទាត់ព្រំដែនរបស់កម្ពុជា និងប្រទេសជិតខាង។
នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីនៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅអគារដឺ ព្រេមៀ សេនធ័រ សែនសុខ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ ខ្ញុំបានឲ្យ ឯកឧត្តម នេត្រ ភក្ត្រា,ឯកឧត្តម ប៉ែន បូណា,ឯកឧត្តម ឡាំ ជា រៀបចំផែនការមួយ កម្មវីធីមួយស្រដៀងធ្វើនៅសាលាក្តីខ្មែរក្រហម ពេលផុតរដូវទឹកភ្លៀង ដឹកគាត់ទៅមើលតែម្តង ឥឡូវ២ខែយុវជនណាចង់ទៅយើងចេញបាយចេញឲ្យថ្លៃឲ្យទៅមើល ឲ្យស្គាល់ជាក់ស្ដែង បើបងប្អូនព្រួយថាខេត្តហ្នឹង ព្រោះបងប្អូនខ្លះអត់ដែលទៅដល់ទេ គិតថាខេត្តយើងស្រែសុទ្ធ ព្រៃសុទ្ធ សួ្រលគេយក អត់ទេ។ ”
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គ្រាន់តែសម្តេចទៅតំបន់ព្រំដែនកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សម្តេចក៏ចង់ភ្ញាក់ដែរ ព្រោះសុទ្ធតែចម្ការដំឡូង ចម្ការស្វាយចន្ទី ចម្ការកៅស៊ូ ហើយមែនចម្ការក្រុមហ៊ុនទេ គឺជាចម្ការកៅស៊ូរបស់ប្រជាពលរដ្ឋ ក្នុងនោះមួយគ្រួសារ មាន២ហិកតា,៣ហិកតា ឬ៤ហិកតា ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើខ្លាចបាត់បង់ទឹកដី ត្រូវចូលរួមការពារ ក្នុងនោះទីមួយ កុំធ្វើឲ្យខ្មែរបែកបាក់ ធ្វើអី្វក៏ដោយ ឬបញ្ចេញទស្សនៈ ទោះបីជាមិនស្របគ្នាក៏ដោយ ប៉ុន្តែកុំធ្វើអី្វជ្រុលនិយមដែលនាំឲ្យឈានទៅដល់ការបែកបាក់ឬធ្វើសកម្មភាពដែលធ្វើប៉ះពាល់ដល់ស្ថិរភាពសង្គមនិងទីពីរ ត្រូវរួមគ្នាអភិវឌ្ឍន៍ខេត្តនៅក្នុងតំបន់ឦសានឬតំបន់ព្រំដែន យ៉ាងហោចណាស់បើគ្មានអ្វីវិនិយោគ ត្រូវនាំគ្នាទៅទេសចរណ៍នៅតាមបណ្តាខេត្តទាំងនោះ។
សម្តេច ក៏បានផ្តល់គោលការណ៍ដល់កងវិស្វកម្ម ខំខិតពុះពារ ទោះបីជាចំណាយច្រើនប៉ុនណាក៏ដោយទៅថ្ងៃអនាគត ត្រូវធ្វើផ្លូវឡើងទៅដល់តំបន់កន្ទុយនាគ ដែលជាតំបន់ព្រំប្រទល់ប្រទេសកម្ពុជា ឡាវ និងវៀតណាម៕
អត្ថបទ៖ ពុទ្ធិកា