សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគាំទ្រឱ្យមានស្មារតីជាតិនិយម ប៉ុន្តែមិនត្រូវជ្រុលនិយមនោះឡើយ។ សម្តេចធិបតីបានថ្លែងបែបនេះ ពីលើវេទិកាសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្មារតីជាតិនិយម ត្រូវតែមាន។ បើគ្មានស្មារតីជាតិនិយមទេ គឺយើងគ្មានជាតិនោះឡើយ។ សម្តេចធិបតីប្រកាសធានាថា កម្មវិធីតំបន់អភិវឌ្ឍន៍ត្រីកោណ មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។
សម្តេចបានលើកឡើងថា មនុស្សតាំងខ្លួនដឹងគ្រប់រឿង បូកនឹងក្រុមមនុស្សមានចេតនាអាក្រក់បំផុសរឿង CLV មានត្រឹមប្រមាណ ០.២ភាគរយប៉ុណ្ណោះ។ ដោយឡែកអត្រាប្រមាណ ៩៩.៨ភាគរយ ជាពលរដ្ឋគ្មាននិន្នាការនយោបាយ ហើយបារម្ភពិតពីជោគវាសនាជាតិ។ ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសួរត្រឡប់ទៅក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេសថា ហេតុអ្វី២៥ឆ្នាំហើយ មិនលើករឿង CLV? មិនដឹង ឬចង់ដុតឱ្យខ្លោច រោចឱ្យឆៅ?
បើតាមសម្តេចធិបតី, កិច្ចព្រមព្រៀង CLV មិនអនុញ្ញាតឱ្យមានលំហូរពលរដ្ឋប្រទេសទាំង៣ ដោយខុសច្បាប់នោះឡើយ ហើយ កម្ពុជា មិនមានផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីទៀតនោះឡើយចាប់ពីឆ្នាំ២០១២មក ហើយដីសម្បទានសេដ្ឋកិច្ចមានរយៈពេលត្រឹម៥០ឆ្នាំប៉ុណ្ណោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ បោះរាប់រយបង្គោល គឺដើម្បីការពារបូរណភាពទឹកដី។ ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសធានាអះអាងជូនប្រជាពលរដ្ឋថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) នឹងមិនធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិនោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៀតថា ក្នុងតំណែងជានាយករដ្ឋមន្ត្រីមិនធ្វើឱ្យកម្ពុជាបាត់បង់ដីភាគឦសាននោះឡើយ មានតែដាក់ចេញគោលការណ៍អភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើន៕
អត្ថបទ៖ អក្ខរា