ឆ្នាំ២០២២ កម្ពុជាសម័យតេជោ ហ៊ុន សែន ក្រោមក្រសែភ្នែកពិភពលោក (ភាគ១)

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ គឺជារយៈពេល៣៧ឆ្នាំ ដែល សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រី ពោលគឺចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ កាលណោះមានវ័យ ៣២ឆ្នាំ។ ក្នុងឆ្នាំ២០២២ទៀតសោត គឺជាឆ្នាំដែលកម្ពុជាមានរាសីខ្ពស់ត្រដែតលើឆាកអន្តរជាតិ ក្រោមដឹកនាំដោយផ្ទាល់ពីប្រមុខរាជរដ្ខាភិបាល សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ការទទួលបានតំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីសម្តេចបានបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល៦ឆ្នាំ ហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីជាង៣ខែ ពេលដែលលោក ចាន់ ស៊ី ចេញទៅព្យាបាលជំងឺ និងទទួលមរណភាពនៅទីក្រុងមូស្គូ សហភាពសូវៀត។ 

សម្តេចតេជោបានក្លាយជានាយករដ្ឋមន្ត្រីតាំងពីមានវ័យក្មេងជាងគេ ហើយបន្តកាន់តំណែងរហូតក្លាយជានាយករដ្ឋមន្ត្រី មានអាយុច្រើនជាងគេ ក្រោមការគាំទ្ររបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ 

តើកម្ពុជានៅឆ្នាំ២០២២ ក្រោមដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានរាសីខ្ពស់កម្រិតណាលើឆាកអន្តរជាតិ?

កម្ពុជា ជាប្រទេសចុងក្រោយគេ ដែលបានក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ នៅឆ្នាំ២០២២ កម្ពុជាបានធ្វើប្រធានប្តូរវេនលើកទី២របស់ខ្លួន ក្រោយធ្លាប់ដឹកនាំអាស៊ានកាលពីឆ្នាំ២០១២។ ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាទទួលអម្រែកដ៏ធ្ងន់ធ្ងរ ប៉ុន្តែវាក៏ជាឱកាសមាសរបស់កម្ពុជាផងដែរ ឱកាសមាសសម្រាប់កម្ពុជានាពេលនោះបន្ទាប់ពីទទួលបានញញួរដឹកនាំអាស៊ានពីស្តេចស៊ុលតង់ ព្រះមហាក្សត្រនៃប្រទេសព្រុយណេ មេដឹកនាំពិភពលោកជាច្រើនបានបន្តកន្ទុយគ្នាទំនាក់ទំនងមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះរួមមាន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង តាមរយៈទូរស័ព្ទ នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអាគី បំពេញទស្សនកិច្ចដោយផ្ទាល់នៅកម្ពុជា និងប្រធានាធិបតី ចូ បៃឌិន បានសរសេរលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅប្រជុំនៅសហរដ្ឋអាមេរិក។

នា​រសៀល​ថ្ងៃ​សុក្រ ទី​១៨ ខែមីនា ឆ្នាំ​២០២២​ សម្តេច​​តេ​ជោ ហ៊ុន សែន ជួប​ពិភាក្សា​ការងារ​តាម​ទូរ​សព្ទ ជាមួយ​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន ក្នុង​ជំនួប​នេះពិភាក្សា​ទៅ​លើ​ចំណុច​ជា​ច្រើននៅ​ក្នុង​កម្រិត​ទ្វេភាគីតំបន់ និង​បញ្ហា​របស់​ពិភពលោក​ផង​ដែរ ។ កិច្ច​ពិភាក្សា​នេះ បាន​ជជែក​ច្រើន​លើ​ទំនាក់ទំនង​ទ្វេភាគីរវាង​កម្ពុជា និង​ចិន។

ពាក់ព័ន្ធ​បញ្ហា​អាស៊ាន​-​ចិន វិញ លោក ស៊ី ជិន​ពីង បាន​គូស​រំលេច​ថា អាស៊ាន និង​ចិន ត្រូវធ្វើ​យ៉ាងណា​រួមចំណែក​រក្សា​សន្តិភាព ស្ថេ​រ​ភាព ការ​អភិវឌ្ឍ និង​វិបុលភាព​នៅ​ក្នុង​តំបន់ ជា​ពិសេស​ធ្វើ​យ៉ាងណា​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន និង​ចិន​។ ប្រធានាធិបតី​ចិន ក៏​បាន​គាំទ្រ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ខែមករា ឆ្នាំ២០២២ ។

លោក ស៉ី ជីនពីង បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ មាន​សារៈសំខាន់​ក្នុង​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​របស់​មី​យ៉ា​ន់​ម៉ា ដែល​ជា​មធ្យោបាយ​ចូលរួម​ដំណោះស្រាយ​តាម​ផ្លូវ​អាស៊ាន។

សម្ដេចតេជោ ហ៊ុន  សែន ក្នុងឋានៈជាមេដឹកនាំអាស៊ាន ទៅបំពេញទស្សនកិច្ចនៅប្រទេសភូមារយៈពេល២ថ្ងៃពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចទៅមីយ៉ាន់មា សម្តេចតេជោជួបពិភាក្សាការងារជាមួយមេដឹកនាំយោធាភូមាលោក មីង អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋភូមា។ ដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យពិភពលោកមើលកម្ពុជាក្នុងរូបភាពផ្សេងៗគ្នា ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​​ធ្វើ​យ៉ាងណា​ឲ្យ​អាស៊ាន​ ត្រលប់​មក​ជា​អាស៊ាន​១០ប្រទេស​ឡើងវិញ​ បើទោះបី​គម្រោង​ទស្សកិច្ច​របរបស់សម្តេចតេជោ ទទួល​រង​ការ​រិះគន់​ពីសហគមន៍​ជាតិ​ និង​អន្តរជាតិ​ក៏​ដោយ។​

ពីក្រុងណៃពីដោ កម្ពុជា និងមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសរួមស្តីពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាភ្ញៀវដំបូងបំផុតរបស់ខ្លួន មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានបង្ហាញពីការខំប្រឹងប្រែងរបស់ខ្លួន ដើម្បីស្ថិរភាពនយោបាយនៅក្នុងប្រទេស។ ភាគីទាំងពីរក៏បានពិភាក្សា ក៏បានលើកឡើងពីបញ្ហាទ្វេរភាគី និងកង្វល់រួមផ្សេងទៀតនៅក្នុងតំបន់ផងដែរ។

ក្នុងជំនួបនោះ លោក មីន អ៊ុងឡាំង បានលើកឡើងពីការប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។ 

ជាមួយគ្នានេះ លោក មីន អ៊ុងឡាំង បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់លោក ប្រាក់ សុខុន ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។

ក្នុងជំនួបទ្វេរភាគីនេះដែរ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ។ សម្តេចបានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ 

ដើម្បីចូលរួមជួយដោះស្រាយបញ្ហាសង្គ្រាមស៊ីវិលនៅក្នុងប្រទេសភូមា សម្តេចតេជោ ហ៊ុន សែន ចំណាយពេល ៥ខែ២ថ្ងៃ ហើយជួបមេដឹកនាំយោធាភូមា លោក ម៉ីង អ៊ុងឡាំង ដល់ទៅ៣ដងឯណោះ។

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews Airport រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តបតាមការអញ្ជើញពីប្រធានាធិបតីអាមេរិក ចូ បៃឌិន ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គឺមានសារៈសំខាន់ណាស់នៅក្នុងកិច្ចប្រជុំក្នុងនាមជាប្រធានអាស៊ាន ដែលនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយលោក ចូ បៃឌិន។

គួរកត់សម្គាល់ដែរថា ឆ្នាំ២០២២នោះ អាចចាត់ទុកថាជាឆ្នាំដែលមានរាសីខ្ពស់សម្រាប់សម្តេចតេជោនាយក ហ៊ុន សែន រាប់ចាប់តាំងពីថ្ងៃកាន់ដំណែងនាយករដ្ឋមន្រ្តីកម្ពុជាក្នុងឆ្នាំ១៩៨៥ ដែលត្រូវបានអញ្ជើញដោយផ្ទាល់ពីប្រធានាធិបតីអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសរវាងអាមេរិកនិងអាស៊ាននៅសេតវិមានក្នុងនាមជាសហប្រធានជាមួយលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកតែម្តង នៅរដ្ឋធានីវ៉ាស៊ីនតោន។

មុនចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិកនិងអាស៊ាន សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដា, មានជំនួបជាមួយធុរកិច្ចអាមេរិក និងក្រុមហ៊ុនប្រឹក្សាយោបល់និងបញ្ចុះបញ្ចូលផ្នែកច្បាប់ Lobby Firm-Akin Gump ។ បន្ទាប់មកទៀត សម្តេចតេជោ មានជំនួបផ្លូវការរវាងមេដឹកនាំអាស៊ានជាមួយប្រធានសភា លោកស្រី ណាស៊ី ប៉េឡូស៊ី និងសមាជិកសភាសហរដ្ឋអាមេរិក, ជាមួយអនុប្រធានាធិបតី លោកស្រី កាំម៉ាឡា ដេវី ហារីស និងជាមួយប្រធានាធិបតី ចូ បៃឌិន។ ការណ៍នេះ បើសរុបកិច្ចប្រជុំរបស់សម្តេចតេជោ ហ៊ុន សែន នៅលើដីមហាអំណាចពិភពលោកមួយនេះមានរយៈពេល ៤ថ្ងៃ ហើយសម្តេចតេជោបានជួបធ្វើការងារនិងប្រជុំមានប្រមាណ ១៣លើក។ សូមរង់ចាំទស្សនាភាគទី២