សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់​ទំនងរវាង​កងទ័ពកម្ពុជា-ឡាវ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងភាពជិតស្និទ្ធ​ នៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា-ឡាវ និងរីករាយចំពោះលទ្ធផលដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរក្នុងពេលកន្លងមក។ ការវាយតម្លៃបែបនេះ បា​ន​ធ្វើឡើងនៅក្នុងជំនួបរវាងសម្តេច និងឯកឧត្តម ឧត្តម​សេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamli​eng Outhak​aysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នៅវិមានសន្តិភាព ថ្ងៃទី៣១ កក្កដា ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគាំទ្រការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវ ជាពិសេស ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចនាយទាហានជាន់ខ្ពស់ ការបង្កើនការបណ្តុះបណ្តាលសិក្ខាកាម ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា សម្រាប់ការជួយសង្គ្រោះក្នុងគ្រាមានគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន ។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងពិភាក្សាស្វែងរកនូវសកម្មភាពថ្មីៗ សំដៅផ្លាស់ប្តូរបទពិសោធន៍ ដែលនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ លើគ្រប់វិស័យ។

 ក្នុងឱកាសនៃជំនួប ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakay​son​e) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក៏បានបញញជាក់ដែរថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺ ដើម្បីពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។

ឯកឧត្តម អនុរដ្ឋមន្ត្រី បានបន្តថា លទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មានដូចជា (១) កិច្ចសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ (២) ការផ្លាស់ប្តូរសិក្ខាកាម និងការបណ្តុះបណ្តាលធនធានមនុស្ស និង(៣) ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ៕

អត្ថបទ៖ ពុទ្ធិកា