តំបន់រដ្ឋបាលពិសេសហុងកុង បង្ហាញបំណងពង្រីកទំនាក់ទំនងក្នុងវិស័យ​ធុរកិច្ច​និងវិនិយោគ ជាមួយកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR) នៅវិមានសន្តិភាព នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន​​ និងប្រជាជន។ តំណាងក្រុមហ៊ុនហុងកុងធំៗ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ច នាពេលនេះដែរ។

ឯកឧត្តម John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគិន និង ធុរជនហុងកុង នាពេលកន្លងមក។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការណ៍នេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និង ធុរកិច្ច និងរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា-ចិន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល បានបង្កើត និង​បង្កើនបរិយាកាសអំណោយផល និងការលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា ក្នុងជំនួបនេះ សម្ដេចធិបតី និងឯកឧត្តម John KC LEE ក៏បានពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង លើវិស័យសក្តានុពលជាច្រើន មានជាអាទិ៍៖ ពាណិជ្ជកម្ម និងវិនិយោគ,  ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល, ទេសចរណ៍, ការអប់រំ  និងការតភ្ជាប់ប្រជាជន និងប្រជាជន រួមទាំងការពិនិត្យលទ្ធភាពបង្កើនចំនួនជើងហោះហើរត្រង់ពីហុងកុង មកខេត្តសៀមរាបរបស់កម្ពុជា។

សម្ដេចធិបតី និងឯកឧត្តម John KC LEEក៏បានចូលរួមជាសាក្សី ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU)ចំនួន២ ក្នុងនោះ ១) អនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និង ២) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

អត្ថបទ៖ ពុទ្ធិកា