ចូលរដូវវស្សាតារាចម្រៀង អេឡិច ចាន់ត្រា វិលមកសន្សំប្រាក់កាក់ល្អិតក្នុងការថតសំអាងការក្រោយបោះបង់អស់ពេល ៧ ឆ្នាំ 

ចូលរដូវវស្សាភ្លាម តារាចម្រៀង និងសម្តែងរូបសង្ហា លោក អេឡិច ចាន់ត្រា ដែលបានបោះបង់សិល្បៈចោលទាំងស្រុងនោះអស់ពេលជាង ៧ ឆ្នាំ បានវិលត្រឡប់មកសន្សំប្រាក់កាក់ល្អិតក្នុងការថតសំអាងការឡើងវិញហើយ ។ 

ជិត ១០ ឆ្នាំមកហើយដែលតារាសម្តែង និងចម្រៀង អេឡិច ចាន់ត្រា បានបោះទុនប្រាក់រាប់សែនដុល្លារដើម្បីបើកក្រុមហ៊ុនរកស៊ីរៀបចំកម្មវិធីនានា ហើយបោះបង់អាជីពសម្តែងចោល ដើម្បីស្រវ៉ាទ្រព្យធំ តែទោះជាយ៉ាងណាពេលជួបជាមួយលោកម្តងៗ លោកនៅតែអះអាងថា លោកនៅតែស្រឡាញ់វិស័យសម្តែង បើមានឱកាសលោកនឹងថតភាពយន្តឡើងវិញ ។ 

មកទល់ពេលនេះនៅពុំទាន់ឃើញលោក អេឡិច ចាន់ត្រា ទទួលថតរឿងថ្មីណាមួយឡើយ ទស្សនិកជននៅតែទន្ទឹងរងចាំមើលស្នាដៃថ្មីរបស់លោក ។ តែទោះជាយ៉ាងណាថ្មីៗនេះលោក អេឡិច ចាន់ត្រា បានទទួលថតសំអាងការមួយកន្លែង លោកថែមទាំងបាននិយាយ « រយៈពេលជិត ៧ ឆ្នាំហើយដែលខានថត សំអាងការ »។ 

ថ្វីដ្បិតតែខកខានក្នុងការថតសំអាងការអស់ពេលជាច្រើនឆ្នាំ លោក អេឡិច ចាន់ត្រា នៅតែស្រស់ សង្ហា និងធ្វើបានយ៉ាងល្អក្នុងអាជីពមួយនេះ រហូតទទួលបានការសរសើរច្រើនពីមហាជន មិនតែប៉ុណ្ណោះតារារូបសង្ហារូបនេះត្រៀមនឹងបញ្ចេញការងារថ្មីៗជាច្រើនទៀត ដើម្បីបង្ហាញអ្នកគាំទ្រខ្លួន ក្នុងរដូវវស្សានេះ បន្ទាប់ពីការងារក្រុមហ៊ុនរបស់ខ្លួនមានការរយាលជាងមុន ។ 

លោក អេឡិច ចាន់ត្រា មិនខ្វល់ថាការងារតូចធំអ្វីនោះទេ សំខាន់គឺអ្វីដែលលោកធ្វើគឺជាចំណង់ចំណូលចិត្ត ទោះបានប្រាក់ចំណូលតិចតួចឬច្រើនក្តី តែលោកសប្បាយចិត្តនិងការងារដែលខ្លួនបានធ្វើ ៕