សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាព គឺប្រជាជន

តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិ​សេ​ស​តាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋា​រចនា​សម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។

ជាមួយគ្នានេះ ឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើដំណើរទៅមើលសកម្មភាពជួសជុល​ផ្លូវ​តាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជា​ពល​រដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី។ អត្ថបទ៖ ពុទ្ធិកា