អ៊ីស្រាអែលចង់សងសឹកលើក្រុមហេសបូឡា បន្ទាប់ពីការវាយប្រហារក្នុងតំបន់ខ្ពង់រាប ហ្កូឡាន់

អ៊ីស្រាអែលចង់សងសឹកលើក្រុមហេសបូឡា (Hezbollah) ប៉ុន្តែមិនចង់អូសទាញតំបន់មជ្ឈិមបូព៌ាឱ្យចូលទៅក្នុងសង្រ្គាមទ្រង់ទ្រាយធំទេ ខណៈលីបង់ បានត្រៀមខ្លួនសម្រាប់ការសងសឹក បន្ទាប់ពីការវាយប្រហារដែលបានសម្លាប់មនុស្ស ១២ នាក់នៅក្នុងតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) កាន់កាប់ដោយអ៊ីស្រាអែល។ នេះបើតាមប្រភពពីមន្ត្រីអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ។

សារព័ត៌មាន reuters បានដកស្រង់សម្តីរបស់មន្ត្រីអ៊ីស្រាអែល និយាយថា អ៊ីស្រាអែលកំពុងរៀបចំសម្រាប់លទ្ធភាពនៃការប្រយុទ្ធគ្នាប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍នោះក្នុងទីក្រុង ឌ្រូស (Druze) ដែលខ្លួនបានស្តីបន្ទោសទៅលើក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។

ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន (Masoud Pezeshkian) និយាយថា ការវាយប្រហារណាមួយរបស់អ៊ីស្រាអែល លើលីបង់នឹងមាន «ផលវិបាក» ធ្ងន់ធ្ងរសម្រាប់អ៊ីស្រាអែល ប៉ុន្តែក៏មិនបានបញ្ជាក់លម្អិតនោះដែរ។ ប្រភពមន្ត្រីអ៊ីស្រាអែលទាំងបួនរូប ដែលរាប់បញ្ចូលទាំងមន្ត្រីការពារជាតិជាន់ខ្ពស់ និងប្រភពការទូតនេះបានប្រាប់សារព័ត៌មានរ៉យទ័រ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតពីផែនការសងសឹករបស់អ៊ីស្រាអែលឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា «យើងនឹងមិនឱ្យរឿងនេះកន្លងផុតទៅដោយងាយស្រួលបានទេ។ អ៊ីស្រាអែលនឹងឆ្លើយតបយ៉ាងចាស់ដៃ និងខ្លាំងក្លាបំផុត»។

ទាំងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលប្រដាប់ដោយអាវុធធុនធ្ងន់ បានបង្ហាញខ្លួនក្នុងការឈឺចាប់ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំ ចាប់តាំងពីពួកគេបានចាប់ផ្តើមប្រយុទ្ធក្នុងខែតុលា។ ចាប់តាំងពីខែតុលាមក ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់អ្នកប្រយុទ្ធ Hezbollah ប្រហែល ៣៥០នាក់នៅក្នុងប្រទេសលីបង់ និងជនស៊ីវិលជាង ១០០នាក់។ នេះបើយោងតាមប្រភពសន្តិសុខ និងវេជ្ជសាស្ត្រ និងការជូនដំណឹងអំពីចំនួនអ្នកស្លាប់របស់ពួក Hezbollah របស់ Reuters ។

អ៊ីស្រាអែលបាននិយាយថា ជនស៊ីវិល ២៣នាក់ និងយ៉ាងហោចណាស់ទាហាន ១៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហេសបូឡា ចាប់តាំងពីខែតុលា៕

អត្ថបទ៖ ជីវ័ន