សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីលី ប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប ឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋស៊ីលី ប្រចាំកម្ពុជា បានកោតសរសើរអំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងឆាប់រហ័ស នៅកម្ពុជា ព្រមទាំងបានចាប់អារម្មណ៍ចំពោះប្រពៃណីវប្បធម៌ ក៏ដូចជាភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្ដេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា ឱ្យកាន់តែរឹងម៉ាំ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ និងអបអរសាទរឯកឧត្តម Patricio Fernando Powell Osorio ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ស៊ីលី ប្រចាំកម្ពុជា ព្រមទាំងបានបង្ហាញក្តីរីករាយចំពោះការរីកចម្រើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស៊ីលី។ ឆ្នាំនេះជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ កម្ពុជាកំពុងស្ថិតក្នុងដំណើរការនៃការរៀបចំការតែងតាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំស៊ីលី ដែលមាននិវេសនដ្ឋាន នៅប្រទេសប្រេស៊ីល។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអរគុណរដ្ឋាភិបាលស៊ីលី ដែលបានសម្រេចគាំទ្របេក្ខភាពកម្ពុជា នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ ផងដែរ។
គួរបញ្ជាក់ថា ក្នុងជំនួបនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីវិស័យសក្កានុពលសម្រាប់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានដូចជា វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ថាមពលកកើតឡើងវិញ បរិស្ថាននិងនិរន្តភាព និងការទប់ស្កាត់គ្រោះមហន្តរាយ ៕ អត្ថបទ៖ ពុទ្ធិកា