គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសល់ ០៧ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោហើយ គឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
ខណៈពិធីការបើកការដ្ឋានសាងសង់នូវគម្រោង«ព្រែកជីកហ្វូណនតេជោ» កាន់តែខិតជិតមកដល់នោះ ចលនាជាតិដ៏ផុសផុលកំពុងបន្តបង្ហាញការគាំទ្រគម្រោងដ៏ខ្លាំងក្លា ក្នុងការរុញច្រានឲ្យសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។
ក្នុងនោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ យុវជន សិស្សនិស្សិត ស្ថាប័នឯកជនគណបក្សនយោបាយ រួមទាំងប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចេញវីដេអូ និងញត្តិប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយដែលកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទន្ទឹមនេះ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនទៀត បានសម្រេចដូររូបប្រូហ្វាល់របស់ខ្លួនតាមបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម ដើម្បីបង្ហាញការអបអរសាទរ និងគាំទ្រយ៉ាង ពេញទំហឹងនូវគម្រោងដ៏ធំរបស់កម្ពុជាមួយនេះ ដែលគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល។
សម្តេចតេជោហ៊ុន សែន បានលេីកឡេីងលេីបណ្តាញសង្គមផ្លូវការថា“ការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ គឺដោយសារតែកម្លាំងមហាជនមានការគាំទ្រយ៉ាងផុសផុល លេីគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ ដើម្បីបម្រើដល់សង្គម សេដ្ឋកិច្ចកម្ពុជាតទៅមុខទៀត”។
គួរជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងផ្លូវទឹកតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា មានប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១ ៧០០លានដុល្លារ និងប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕
អត្ថបទ៖ អក្ខរា