អ្នកនាំពាក្យ ប្រាប់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស កុំសន្និដ្ឋានកម្ពុជា ដោយមើលតែមួយជ្រុង

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

សេចក្តីបំភ្លឺរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា គ.ស.ម.ក. បានធ្វើការកត់សម្គាល់ជាមួយនឹងការសោកស្តាយជាខ្លាំងចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ដោយសារតែការលើកឡើងនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមើលតែមួយជ្រុង ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ។

ក្នុងនោះ អ្នកនាំពាក្យ គ.ស.ម.ក. ចាំបាច់ត្រូវធ្វើការពន្យល់បកស្រាយទៅលើចំណុចពាក់ព័ន្ធនឹងលម្ហពលរដ្ឋ និងនយោបាយ និងភាគីពាក់ព័ន្ធ ដោយបញ្ជាក់ថា វិធានការលើសកម្មជនបរិស្ថានមួយចំនួនថ្មីៗនេះ មិនមែនដោយសារការប្រើប្រាស់សិទ្ធិសេរីភាព ឬការធ្វើសកម្មភាពក្នុងការការពារសិទ្ធិមនុស្ស និងបរិស្ថានរបស់ពួកគេនោះទេ តែដោយសារអ្នកទាំងនោះ ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តបទល្មើសតាមរយៈការផ្សព្វផ្សាយ ប្រតិដ្ឋព័ត៌មាន និងទម្លាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងឱ្យមហាជនក្រោកតវ៉ាប្រឆាំង និងប្រព្រឹត្តអំពើហិង្សាផ្សេងៗ រួមទាំងការប្រមាថធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ តាមរយៈការប្រើពាក្យប្រមាថ និងការធ្វើគំនូរ ថ្លុកព្រះមហាក្សត្រ។

ការការពារសិទ្ធិមនុស្ស មិនអាចកាត់ផ្ដាច់ពីនីតិរដ្ឋបានឡើយ។ ដូច្នេះ មានតែការចូលរួមក្នុងដំណើរការនីតិវិធីជាធរមានប៉ុណ្ណោះ ទើបជាបុព្វហេតុដ៏ត្រឹមត្រូវក្នុងការការពារសិទ្ធិមនុស្ស មិនមែនការធ្វើបុរេវិនិច្ឆ័យ ឬសន្និដ្ឋានណាមួយដោយមិនបានផ្ទៀងផ្ទាត់អង្គហេតុ អង្គច្បាប់ ភស្តុតាង និងសាក្សី នោះទេ។ ទន្ទឹមនឹងនេះ ការយោង ឬការលើកយកបទប្បញ្ញត្តិ ឬមាត្រាណាមួយនៃច្បាប់មកប្រើ គឺផ្អែកលើប្រភេទនៃ អង្គហេតុ បទល្មើស ឬទង្វើ ដែលបានប្រព្រឹត្តជាក់ស្តែង មិនមែនផ្អែកលើបុគ្គលនោះជានរណានោះទេ។

អ្នកនាំពាក្យ គ.ស.ម.ក. បានគូសបញ្ជាក់ថា កង្វល់លើការអនុវត្តច្បាប់ចំពោះសកម្មជន ឬសមាជិកគណបក្សនយោបាយក្នុងប្រទេសកម្ពុជា គឺជាការផាត់ចោលកិច្ចខិតខំប្រឹងប្រែងក្នុងការធានានូវគោលការណ៍នីតិរដ្ឋ ដែលជាបំណងប្រាថ្នារបស់មនុស្ស ជាតិទូទៅ។ បន្ថែមលើនេះ កង្វល់ចំពោះការអនុវត្តច្បាប់នេះ អាចក្លាយជាកាតាលីករជំរុញឱ្យមនុស្សលែង គោរពច្បាប់ ហើយអាចប្រើស្លាកអ្នកការពារសិទ្ធិមនុស្ស ឬសកម្មជនផ្សេងៗ ដើម្បីប្រព្រឹត្តបទល្មើស ដែលនឹងនាំទៅដល់អស្ថិរភាព និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងសង្គម។

កង្វល់ពីលម្ហនយោបាយរបស់បុគ្គលល្មើសច្បាប់មួយក្រុមតូច គឺជាការមើលស្រាលដល់គណបក្សនយោបាយប្រមាណជិត៥០ ដែលបានចុះបញ្ជី និងគណបក្សនយោបាយដែលបានចូលរួមយ៉ាងសកម្មក្នុង ការបោះឆ្នោតទាំងសកល និងអសកលក្រោមបរិយាកាសសេរី និងយុត្តិធម៌។ កង្វល់នេះ ក៏ជាការមើលរំលង ចំពោះការលះបង់បំពេញការងារដោយឯករាជ្យរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ពាន់នាក់ រួមទាំង ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានចេញទៅប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការជ្រើស រើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្តដោយសេរី។

បើតាម អ្នកនាំពាក្យ គ.ស.ម.ក., ទឡីករណ៍មិនអាចបដិសេធបាន ដែលលម្ហនយោបាយនិងពលរដ្ឋនៅកម្ពុជា មានលក្ខណៈទូលំទូលាយ និងបើកចំហ បង្ហាញឱ្យឃើញតាមរយៈវត្តមានចម្រុះ និងតួនាទីដ៏រស់រវើករបស់អង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិប្រមាណជាង ៦ពាន់ និងអង្គភាពសារព័ត៌មានប្រមាណ២ពាន់ ដែលកំពុងប្រតិបត្តិការដោយគ្មានការរឹតត្បិត និងការត្រួតពិនិត្យជាមុន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តបន្តរៀបចំវេទិកាសន្ទនា ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល២ដងក្នុងមួយឆ្នាំ និងបានកំណត់ឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវ រៀបចំវេទិកាពិគ្រោះយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានទៀងទាត់រៀងរាល់ឆមាស ឬតាមការចាំបាច់។

អ្នកនាំពាក្យ គ.ស.ម.ក. ក៏បានស្នើដោយទទួចដល់គ្រប់អង្គភាព ស្ថាប័ន និងភាគីទាំងអស់ មុននឹងធ្វើសេចក្តីសន្និដ្ឋាន ឬសម្តែងនូវការយល់ឃើញណាមួយពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងឆ្លៀតផ្ទាត់ព័ត៌មានជាមុនឱ្យបានត្រឹមត្រូវ។ គោលការណ៍រួមនៃការសន្និដ្ឋានពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសណាមួយត្រូវផ្អែកលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សេដ្ឋកិច្ច នយោបាយ និងបរិបទជាក់ស្តែងនៃប្រទេសនោះ។ ទន្ទឹមនឹងនេះ ត្រូវជៀសវាងធ្វើសេចក្តីសន្និដ្ឋានលើការអនុវត្តច្បាប់ ឬការដាក់ចេញនូវវិធានការផ្សេងៗ របស់អាជ្ញាធរមានសមត្ថកិច្ច ដោយគ្រាន់តែផ្អែកលើបុគ្គលនោះជានរណា តែមិនបានផ្អែកលើទង្វើជាក់ស្តែងដែលបុគ្គលនោះបានប្រព្រឹត្ត ជាដើម៕