សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាឲ្យអភិបាលរាជធានី ខេត្ត បង្ក្រាបក្មេងទំនើង កាប់ចាក់ ក្រុមដាវសាំម៉ូរៃ និងក្មេងទំនើងបង្ហោះម៉ូតូ ឱ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម។
តាមរយៈសារសំឡេងពិសេសនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងទៅសម្តេចបានឃើញការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យបង្ករឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើការបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ដោយបានធ្វើឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ និងបង្ករហានិភ័យដល់អ្នកដំណើរផ្សេងទៀត។
ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជូនឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដើម្បីធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ។
បើតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល, សមត្ថកិច្ចត្រូវឃាត់ទុកម៉ូតូរបស់ក្មេងទំនើងទុក ៣ខែ សម្រាប់លើកទី១ និង ៦ខែ ករណីមិនរាងចាល៕
អត្ថបទ៖ អក្ខរា