ប្រជាពលរដ្ឋខ្មែររស់នៅតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ប្រកាសថ្កោលទោសជនណាដែលប្រឆាំងនឹងផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍។
តាមរយៈសារលើបណ្តាញសង្គមផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ពីខេត្តរតនគិរី ថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជនមកពីគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ ៣៣រូប
ក្នុងខេត្តរតនគិរី បានប្រកាស៖ ១-គាំទ្រសារពិសេសរបស់សម្តេចតេជោ ស្តីពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV ២-អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងប្រារព្ធនៅថ្ងៃទី ៥ សីហា ២០២៤ និង៣-ថ្កោលទោសជនណា ដែលប្រឆាំងនឹងផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍។
គួរកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា- ឡាវ-វៀតណាម(CLV-DTA) និងថ្កោលទោសចំពោះជនណាដែលញុះញង់ បំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការ នេះធ្វើឱ្យបាត់បង់ទឹកដី។
កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ក្នុងអំឡុងឆ្នាំ១៩៩៩ ក្នុងគោលបំណងជំរុញសមាហរណកម្ម ខេត្តជាប់ព្រំដែននៃប្រទេសទាំង៣ ឱ្យក្លាយទៅជាតំបន់ព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខ័ណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍ បានធ្វើឡើងចំនួន១១លើក រួចមកហើយ ដោយមានការប្ដូរវេនគ្នាធ្វើជាប្រធាននៃកិច្ចប្រជុំ។ នៅឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំកំពូល CLV ក្នុងកិច្ចប្រជុំលើកទី១២នេះ។
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ មានគោលការណ៍គ្រឹះសំខាន់ក្នុងការលើកកម្ពស់ការគោរព ការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយ បញ្ហានានា។ ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការនេះ បានផ្តល់នូវផលប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច តាមរយៈការបង្កើនពាណិជ្ជកម្ម ការលើកកម្ពស់វិស័យទេសចរណ៍ សុខាភិបាល ដែលជាគ្រឹះក្នុងការអភិវឌ្ឍ សង្គមជាតិ ព្រមទាំងសហការគ្នាយ៉ាងជិតស្និទ្ធនូវការទប់ស្កាត់ការគំរាមគំហែងសន្តិសុខជាតិ ដូចជា ឧក្រិដ្ឋកម្ម ឆ្លងដែន ការរត់ពន្ធឈើខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ជាដើម៕
អត្ថបទ៖ អក្ខរា